ឥណ្ឌូនេស៊ី៖ នគរបាល និងក្រុមអ្នកសង្គ្រោះបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា រថយន្តទេសចរណ៍ ១គ្រឿងបានធ្លាក់ចូលក្នុងជ្រោះ នៅលើកោះជ្វាដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីហ្វ្រាំងរថយន្តទំនងជាខូច ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ និង ៣៩នាក់ផ្សេងទៀតរងរបួស។

ស្នងការនគរបាលក្នុងស្រុក លោក Eko Prasetyo Robbyanto បាននិយាយថា រថយន្តក្រុងបានដឹកក្រុមសិស្សវិទ្យាល័យអ៊ីស្លាម គ្រូបង្រៀន និងអាណាព្យាបាលសិស្ស មកពីទីក្រុងស៊ូបាងក្នុងខេត្តជ្វាខាងលិច នៅពេលឧបទ្ទវហេតុបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅលើផ្លូវមានសណ្ឋានបត់បែនពិបាកធ្វើដំណើរ។ លោកថា រថយន្តក្រុងនេះកំពុងធ្វើដំណើរត្រឡប់ពីទីក្រុងស៊ូបាង បន្ទាប់ពីចូលរួមធម្មយាត្រាក្នុងស្រុកតាស៊ីកម៉ាឡាយ៉ា របស់ខេត្តខាងលើ នៅពេលរថយន្តក្រុងធ្លាក់ចូលក្នុងជ្រោះជម្រៅ ២០ម៉ែត្រ បន្ទាប់ពីអ្នកបើកបរបាត់បង់ម្ចាស់ការ មិនអាចគ្រប់គ្រងរថយន្តបាន នៅក្នុងតំបន់ដែលចំនួនគ្រោះថ្នាក់ចរាចរណ៍ បានធ្លាក់ចុះយ៉ាងច្រើននៅក្នុងស្រុកស៊ូម៉េដាង។
លោក Robbyanto បាននិយាយថា នគរបាលនៅតែកំពុងស៊ើបអង្កេតនៅឡើយ ពីមូលហេតុនាំឲ្យមានគ្រោះថ្នាក់ ប៉ុន្តែអ្នកនៅមានជីវិតពីឧបទ្ទវហេតុនេះ បានប្រាប់ក្រុមអាជ្ញាធរថា ហ្វ្រាំងរថយន្តទំនងជាខូច។ មនុស្ស ៣៣នាក់បានសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់ ហើយអ្នកបើកបររថយន្ត ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ៕
អត្ថបទ៖ សុខមាន