ភ្នំពេញ៖ ការប្រថុយប្រថានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលវិបត្តិនយោបាយនៅប្រទេសជាសមាជិកអាស៊ានមួយនេះ គឺដើម្បីសន្តិភាពដល់ប្រជាជនមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដោយមិនចង់ឃើញប្រជាជនប្រទេសនេះ រងគ្រោះធ្ងន់ធ្ងរដោយសារសង្គ្រាមដូចអតីតកាលរបស់កម្ពុជា ហើយការប្រថុយប្រថានរបស់សម្តេចតេជោនេះ គឺវាគ្មានផលប្រយោជន៍អ្វីសូម្បីតែបន្តិចសម្រាប់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់បេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីបញ្ហានៅមីយ៉ាន់ម៉ា បានលើកឡើងថា កម្ពុជាពុំបានប្រយោជន៍អ្វីនោះទេ សម្រាប់ការសម្របសម្រួលជាមួយមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ខណៈការធ្វើរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា ស្លាប់យ៉ាងរង្គាលដូចប្រជាជនកម្ពុជា កាលពីកន្លងទៅដោយសារតែ អំពើហិង្សា កើតចេញពីសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃនោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២២នេះ ដើម្បីធ្វើជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពជូនដល់ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះ បានកំពុងវឹងវរខ្លាំងក្រោយពីរបបយោធាមីយ៉ាន់ម៉ា គឺលោកនាយឧត្តមសេនីយ៍ មីន អោងឡាំង បានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋរបស់ប្រទេសនេះទៅធ្វើការឃុំឃាំងដោយចោទប្រកាន់ពីបទអំពើពុករលួយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ។
យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ច និងកិច្ចចរចាររបស់សម្តេចតេជោ ជាជំហ៊ានដំបូងនេះ ត្រូវបានទទួលលទ្ធផលជាផ្លែផ្កា ដោយមេដឹកនាំយោធាមីយ៉ាន់ម៉ា បានឯកភាពចំពោះសម្តេចតេជោ ហ៊ុន សែន ដោយអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ច និងសម្របសម្រួលបញ្ហានៅមីយ៉ាន់ម៉ា និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាសន្តិភាពនៅមីយ៉ាន់ម៉ា ឯកភាពដោយអនុញ្ញាតឱ្យជំនួយមនុស្សធម៌ តាមរយៈដៃគូអភិវឌ្ឍន៍នានា និងអាស៊ាន ចូលទៅដល់គ្រប់ផ្នែក នៃប្រទេសមីយ៉ាន់ម៉ា ដោយគ្មានការរាំងស្ទះ និងទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះ និងទុរភិក្ស និងឯកភាពលើចំណុចជាច្រើនទៀតដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា៕អត្ថបទ៖ បាន ចក់




