ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី លោក Tom Barrack ប្រកាសថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងស៊ីរីបានចូលជាធរមានកាលពីម៉ោង៥ល្ងាចថ្ងៃអាទិត្យ ដោយបានគូសខ្សែបន្ទាត់ជាផ្លូវការក្រោមការវាយប្រហារដោយអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលើបុគ្គលិក និងរចនាសម្ព័ន្ធយោធាស៊ីរី ស្របពេលមានអំពើហិង្សាដ៏សាហាវក្នុងខេត្ត Sweida ដែលមានជនជាតិភាគតិចឌ្រូស(Druze)ភាគច្រើនរស់នៅ ។

លោក Barrack ដែលបម្រើការជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរីបានសរសេរថាការកើនឡើងនៃអរិភាពអាចត្រូវបានផ្អាកដោយកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់អំពើហិង្សា ការពារជនស្លូតត្រង់ អនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ចូល និងដើរចេញពីគ្រោះថ្នាក់ ។ គិតត្រឹមម៉ោង១៧:០០នាទីថ្ងៃអា ទិត្យ ម៉ោងនៅទីក្រុង ដាម៉ាស (Damascus) ភាគីទាំងអស់បានផ្អាក និងបញ្ឈប់អរិភាព។
លោកនិយាយថា ជំហានបន្ទាប់ក្នុងការបន្ថយកម្ដៅស្ថានការណ៍គឺការដោះដូរចំណាប់ខ្មាំង និងអ្នកជាប់ឃុំទាំងស្រុង ដោយទំនងជាសំដៅលើការដោះលែងជនជាតិភាគតិចឌ្រូសស៊ីរី ដែលបានចាប់ខ្លួន ដោយកងកម្លាំងរដ្ឋាភិបាល និងកងជីវពលកុលសម្ព័ន្ធ ។
អង្គការឃ្លាំមើលសង្គ្រាមបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអំពើហិង្សានៅក្នុងខេត្ត Sweida ដែលជាតំបន់បេះដូងនៃជនជាតិភាគតិចឌ្រូសរបស់ស៊ីរី បានកើនឡើងដល់១.១២០នាក់ចាប់តាំងពីចុងសប្តាហ៍មុនមក។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និយាយថា អ្នកស្លាប់រួមមានយុទ្ធជនឌ្រូស៤២៧នាក់និងជនស៊ីវិលឌ្រូស២៩៨នាក់ដែលក្នុងនោះ១៩៤ នាក់ត្រូវបានប្រហារជីវិតដោយបុគ្គលិកការពារជាតិ និងក្រសួងមហាផ្ទៃ។ ពួកគេក៏រួមបញ្ចូលផងដែរនូវបុគ្គលិកសន្តិសុខរដ្ឋាភិបាលចំនួន៣៥៤នាក់ និងជនជាតិភាគតិចបេដូអ៊ីន កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី( Sunni Bedouin) ចំនួន ២១ នាក់ ក្នុងនោះបីនាក់ជាជនស៊ីវិលដែលត្រូវបានប្រហារជីវិតដោយក្រុមអ្នកប្រយុទ្ធឌ្រូស ។ ទាហានរដ្ឋាភិបាល១៥ នាក់ទៀត ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕


