អ៊ីរ៉ង់បានជំនួសប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលដកស្រង់សម្តីរបស់ឧត្តមសេនីយ៍យោធាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ។

អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយដោយយានដ្រូន និងមីស៊ីល។
ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធការពារដែនអាកាសរបស់សាធារណរដ្ឋអ៊ីស្លាម នៅក្នុងរដ្ឋធានី តេអេរ៉ង់ (Tehran) និងនៅទូទាំងប្រទេស ពេញមួយជម្លោះ។
ប្រធានប្រតិបត្តិការកងទ័ពលោក Mahmoud Mousavi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា សត្រូវជ្វីហ្វ បានព្យាយាមបំផ្លាញសមត្ថភាពការពាររបស់អ៊ីរ៉ង់ ហើយប្រព័ន្ធការពារមួយចំនួនរបស់យើង ត្រូវបានខូចខាតនៅក្នុងសង្គ្រាមនោះ ។
លោកបានបន្ថែមថា ប្រព័ន្ធការពារដែលខូចឥឡូវត្រូវបានជំនួសវិញហើយ។
បណ្តាញការពារដែនអាកាសរបស់អ៊ីរ៉ង់ រួមមានប្រព័ន្ធដូចជា Bavar-373 និង Khordad-15 ដែលផលិតក្នុងស្រុក ត្រូវបានផលិតឡើងដើម្បីប្រឆាំងមីស៊ីល និងយន្តហោះ។ អ៊ីរ៉ង់ក៏បានដំឡើងប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីក្នុងឆ្នាំ ២០១៦ ផងដែរ៕

