អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានជំរុញប្រជាជនឱ្យកំណត់ការប្រើប្រាស់ទឹក ខណៈប្រទេសនេះជួបការខ្វះខាតទឹកខ្លាំងក្នុងអំឡុងពេលរលកកម្ដៅដែលកំពុងបន្ត។ ការិយាល័យសេវាឧតុនិយមជាតិបាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងជួបប្រទះសប្តាហ៍ក្តៅបំផុតនៅឆ្នាំនេះ ដោយមានសីតុណ្ហភាពលើសពី៥០អង្សាសេ នៅក្នុងតំបន់មួយចំនួន។

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Fatemeh Mohajerani បានប្រកាសនៅក្នុងការបង្ហោះនៅលើបណ្តាញ X កាលពីថ្ងៃអាទិត្យថាទីក្រុងតេអេរ៉ង់ នឹងប្រារព្ធពិធីសាធារណៈមួយនៅថ្ងៃពុធដោយសារតែរលកកម្តៅដែលកំពុងតែបន្ត។ លោកស្រីបានសរសេរថា «ដោយមើលឃើញពីការបន្តឡើងកម្ដៅខ្លាំង និងភាពចាំបាច់នៃការសន្សំសំចៃទឹកនិងអគ្គិសនី នៅថ្ងៃពុធខាងមុខនេះ ត្រូវបានគេប្រកាសជាថ្ងៃឈប់សម្រាកក្នុងទីក្រុងតេអេរ៉ង»។

យោងតាមរបាយការណ៍ឧតុនិយមបានឱ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងតេអេរ៉ង់ បានឡើងដល់៤០អង្សាសេ កាលពីថ្ងៃអាទិត្យ ដោយការកើនឡើងបន្ថែមទៀតដល់៤១អង្សាសេជាការការព្យាកសម្រាប់ថ្ងៃចន្ទនេះ។ កង្វះទឹកគឺជាបញ្ហាចម្បងនៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសនៅក្នុងតំបន់រាំងស្ងួតនៅភាគខាងត្បូងរបស់ប្រទេស ដោយកង្វះទឹក ត្រូវបានស្តីបន្ទោសលើការគ្រប់គ្រងពុំបានត្រឹមត្រូវ និងការទាញយកលើសចំណុះនៃធនធានក្រោមដី ព្រមទាំងការកើនឡើងនៃផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។
ប្រធានក្រុមប្រឹក្សាទីក្រុងតេអេរ៉ង់ លោក Mehdi Chamran បានជំរុញប្រជាជនឱ្យ «សន្សំសំចៃទឹកដើម្បីជៀសវាងការធ្លាក់ចុះការផ្គត់ផ្គង់» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA ។ អាជ្ញាធរនៅទូទាំងប្រទេសអ៊ីរ៉ង់ បានចេញការអំពាវនាវស្រដៀងគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយស្នើឱ្យអ្នកស្រុកនៅក្នុងខេត្តមួយចំនួនកំណត់ការប្រើប្រាស់ទឹក។