ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានព្រមានកាលពីថ្ងៃអាទិត្យ (២០ កក្កដា) ថា បញ្ជាពីយោធាអ៊ីស្រាអែល សម្រាប់អ្នកស្រុក និងជនភៀសខ្លួននៅក្នុងតំបន់ Deir el-Balah នៃដែនដីហ្កាហ្សា ឱ្យជម្លៀសទៅកាន់ភាគខាងត្បូង អាចក្លាយជាការ "បំផ្លិចបំផ្លាញដ៏អាក្រក់មួយផ្សេងទៀត" ដល់កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ។

នៅព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានបញ្ជាឱ្យអ្នកនៅភាគកណ្តាលតំបន់ហ្កាហ្សា ចាកចេញជាបន្ទាន់ ដោយសារប្រតិបត្តិការដែលជិតមកដល់ ខណៈក្រុមគ្រួសារប៉ាឡេស្ទីនត្រូវបានមើលឃើញថាកំពុងកាន់បង្វិចមួយចំនួនរបស់ពួកគេធ្វើដំណើរតម្រង់ទៅភាគខាងត្បូង។ ការិយាល័យ OCHA បានប៉ាន់ប្រមាណដំបូងថា មនុស្សចន្លោះពី ៥០.០០០ទៅ ៨០.០០០នាក់ ស្ថិតនៅក្នុងតំបន់នោះ នៅពេលបទបញ្ជាជម្លៀសត្រូវបានដាក់ចេញ។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក ប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្កាហ្សា ដែលក៏កំពុងតែប្រឈមនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរផងដែរ ត្រូវរត់ភៀសខ្លួនយ៉ាងហោចណាស់មួយលើក ដោយសារបទបញ្ជាជម្លៀសម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល។
យោងតាមការិយាល័យ OCHA បញ្ជាជម្លៀសចុងក្រោយនេះមានន័យថា ចំនួន ៨៧,៨% នៃតំបន់ហ្កាហ្សាទាំងមូល ឥឡូវនេះស្ថិតនៅក្រោមបញ្ជាជម្លៀសខ្លួន ឬស្ថិតនៅក្នុងតំបន់យោធាអ៊ីស្រាអែល ដោយនោះធ្វើឱ្យ "ជនស៊ីវិល ២,១លាននាក់ ត្រូវសម្រុកចូលទៅក្នុងបំណែកដ៏តូចចង្អៀតស្ទើរដកដង្ហើមមិនរួចមួយនៃតំបន់ភាគខាងត្បូង៕

