ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រកាសពីការចាប់ផ្តើមសាងសង់នូវអ្វីដែលនឹងក្លាយជាទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក ដែលមានទីតាំងនៅជាយខាងកើតនៃតំបន់ខ្ពង់រាបទីបេ ហើយត្រូវប៉ាន់ស្មានថានឹងចំណាយអស់ប្រហែល ១៧០ពាន់លានដុល្លារអាមេរិក។

គម្រោងនេះជាផ្នែកមួយនៃការជំរុញរបស់ចិន ក្នុងការពង្រីកថាមពលកកើតឡើងវិញ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។ ទំនប់នេះមានបណ្ដាញស្ថានីយ៍វារីអគ្គិសនីចំនួន៥ ហើយនឹងមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo។ ទំនប់នេះត្រូវប៉ាន់ប្រមាណថាមានសមត្ថភាពអគ្គិសនី ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ហើយត្រូវរំពឹងថានឹងជួយបំពេញតម្រូវការថាមពលក្នុងស្រុកនៅទីបេ និងតំបន់ផ្សេងទៀតនៃប្រទេសចិន។
ស៊ីនហួបាននិយាយក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា លោក Li បានពិពណ៌នាគម្រោងវារីអគ្គីសនីនេះថាជា "គម្រោងប្រចាំសតវត្សរ៍" ហើយបាននិយាយថា ចំណុចសង្កត់ធ្ងន់ពិសេស "ត្រូវតែដាក់លើការអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីការពារការខូចខាតបរិស្ថាន"។
យោងតាមក្រុមមន្ត្រីចិន គម្រោងវារីអគ្គិសនីនៅទីបេនេះនឹងពុំមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ឬដល់ការផ្គត់ផ្គង់ទឹកនៅខាងក្រោមទន្លេនោះទេ។ ទីភ្នាក់ងារស៊ីនហួ បានរាយការណ៍កាលពីខែធ្នូឆ្នាំមុននៅពេលគម្រោងនេះត្រូវប្រកាសជាលើកដំបូងថា ទំនប់វារីអគ្គិសនីនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយ និងអព្យាក្រឹតភាពនៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតរបស់ចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតការងារកាន់តែច្រើននៅក្នុងតំបន់ទីបេ៕

