ឧត្តមសេនីយអាល្លឺម៉ង់ លោក Christian Freuding បាននិយាយក្នុងបទសម្ភាសមួយចេញផ្សាយនៅថ្ងៃសៅរ៍ (១៩ កក្កដា) ថា រុស្ស៊ីមានគោលបំណងបង្កើនសមត្ថភាពដើម្បីអាចបាញ់យានដ្រូនដល់ទៅ ២.០០០គ្រឿង ទៅកាន់អ៊ុយក្រែន ឱ្យបានក្នុងពេលដំណាលគ្នា។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលពីលោក Freuding ដែលជាប្រធានក្រុមការងារអ៊ុយក្រែននៅក្រសួងការពារជាតិអាល្លឺម៉ង់នេះ បានកើតឡើងស្របពេលរុស្ស៊ី បន្តពង្រីកការផលិតយានដ្រូនរបស់ខ្លួន។

ការអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់រូបនេះ ក៏កើតមានឡើងនៅពេលរុស្ស៊ី បន្តបង្កើនការវាយប្រហារដោយយានដ្រូនប្រភេទ Shahed ដែលរចនាដោយអ៊ីរ៉ង់ ទៅលើទីក្រុងនានារបស់អ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ រួមទាំងការវាយប្រហារលើតំបន់ឆ្ងាយដាច់ស្រយាលរបស់អ៊ុយក្រែនផងដែរ។ កាលពីថ្ងៃទី០៩ កក្កដា រុស្ស៊ីបានបាញ់ដ្រូន Shahed នេះចំនួន ៧២៨គ្រឿង និងឧបករណ៍បំភាន់ភ្នែកផ្សេងទៀតនៅទូទាំងប្រទេស។
លោក Robert Brovdi មេបញ្ជាការកងកម្លាំងប្រព័ន្ធដ្រូនរបស់អ៊ុយក្រែន ក៏បានព្រមានកាលពីថ្ងៃទី០៤ កក្កដាថា ការវាយប្រហារយានដ្រូន Shahed របស់រុស្ស៊ី អាចឡើងដល់ ១.០០០គ្រឿង ក្នុងមួយថ្ងៃ។
សេវាចារកម្មសម្ងាត់បរទេសរបស់អ៊ុយក្រែន (SZRU) បានប្រាប់សារព័ត៌មាន Politico កាលពីខែមិថុនាថា វិមានក្រឹមឡាំងគ្រោងនឹងផលិតយានដ្រូនចំនួន ២លានគ្រឿង ព្រមទាំងដ្រូនបើករយៈចម្ងាយឆ្ងាយ និងបោកបញ្ឆោតចំនួន ៣០.០០០គ្រឿង នៅឆ្នាំ២០២៥នេះ ដោយគូសបញ្ជាក់ពីការពង្រីកដ៏សំខាន់នៃកម្មវិធីសង្គ្រាមដ្រូនរបស់ទីក្រុងមូស្គូ៕

