ការប្រយុទ្ធគ្នានៅក្នុងតំបន់ Kordofan របស់ស៊ូដង់ បានសម្លាប់មនុស្សរាប់រយនាក់ ហើយអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើង កំពុងបន្តនៅក្នុងទីក្រុង Darfur ដែលជាចំណុចកណ្តាលនៃជម្លោះរបស់ប្រទេសនេះ ដោយធ្វើឱ្យវិបត្តិមនុស្សធម៌របស់ស៊ូដង់កាន់តែអាក្រក់ខ្លាំងទៅៗ ស្របពេលបុគ្គលិកជំនួយបានព្រមានពីលទ្ធភាពទទួលបានស្បៀងអាហារកាន់តែមានកម្រិត។

អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលជាង ៤៥០នាក់ រួមទាំងកុមារយ៉ាងតិច ៣៥នាក់ ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍នៃថ្ងៃទី១២ ខែកក្កដា នៅក្នុងការវាយប្រហារតាមភូមិនានាជុំវិញទីក្រុង Bara ក្នុងខេត្ត North Kordofan របស់ស៊ូដង់។
នាយកប្រចាំនៅស៊ូដង់របស់អង្គការជំនួយ Mercy Corps លោក Kadry Furany បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ទុក្ខវេទនានៅក្នុងតំបន់ Kordofan កាន់តែស៊ីជម្រៅខ្លាំងឡើងរៀងរាល់ថ្ងៃ ដោយសហគមន៍ទាំងមូលត្រូវជាប់គាំងនៅតាមជួរប្រយុទ្ធ ដែលមានការបាញ់ប្រហារយ៉ាងសកម្ម និងលឿន ខណៈអ្នកស្រុកមិនអាចភៀសខ្លួនចេញបាន និងមិនអាចទទួលបានតម្រូវការមូលដ្ឋាន ឬជំនួយសង្គ្រោះជីវិតនោះឡើយ"។
ស៊ូដង់ បានធ្លាក់ក្នុងសង្រ្គាម បន្ទាប់ពីភាពតានតឹងរវាងកងទ័ព និងគូប្រជែងរបស់ខ្លួនគឺកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដែលកើនឡើងនាំទៅដល់ការប្រយុទ្ធគ្នាក្នុងខែមេសា ឆ្នាំ២០២៣។ យោងតាមអង្គការមនុស្សធម៌បានឱ្យដឹងថា អំពើហិង្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០.០០០នាក់ និងបានបង្កើតឱ្យមានការជម្លៀសខ្លួនដ៏អាក្រក់បំផុត និងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕

