របាយការណ៍ថ្មីមួយចងក្រងដោយស្ថាប័នស្រាវជ្រាវមួយរបស់អូស្ត្រាលី បាននិយាយថា តួនាទីរបស់ប្រទេសចិនជាអ្នកផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំពុងកើនឡើងឥទ្ធិពលក្នុងតំបន់របស់ខ្លួន និងក្លាយជាតារាកំពុងរះក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងកាត់បន្ថយកញ្ចប់ជំនួយថវិកាបរទេសរបស់ពួកគេ។
របាយការណ៍របស់វិទ្យាស្ថានLowyត្រូវបានចេញផ្សាយនៅថ្ងៃនេះនិយាយថា ខណៈរដ្ឋបាលលោកTrump បានលុបចោលកញ្ចប់ជំនួយប្រហែល ៦០ ពាន់លានដុល្លារ ហើយបណ្តាប្រទេសនៅអឺរ៉ុបបានដកថវិកាជាង២៥ពាន់លានដុល្លារ ក្ដីសង្ឃឹមជាចម្បងក្នុងទិដ្ឋភាពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍របស់អាស៊ីអាគ្នេយ៍ បានងាកទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែក៏ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ផងដែរ ។
លោក Alexandre Dayant លោកស្រី Grace Stanhope និងលោក Roland Rajah អ្នកនិពន្ធនាំមុខនៃរបាយការណ៍នេះ បានសរសេរថា ប្រទេសចិនគឺជាដៃគូធំបំផុតតែមួយគត់លើការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ។ ស្របពេលជំនួយរបស់លោកខាងលិចធ្លាក់ចុះ ហើយចិនរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនឡើងវិញ ទីក្រុងប៉េកាំងមានទីតាំងល្អក្នុងការដណ្តើមឥទ្ធិពលជាថ្មី។
បណ្ដាដៃគូប្រពៃណីរបស់អាស៊ីអាគ្នេយ៍ រួមមានប្រទេសដូចជា អូស្ត្រាលី និងសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។
ទន្ទឹមនឹងសហរដ្ឋអាមេរិករំពឹងថានឹងកាត់ជំនួយបរទេសរបស់ខ្លួនក្នុងរង្វង់៨៣%នៅឆ្នាំនេះ ការកាត់បន្ថយកញ្ចប់ជំនួយមូលនិធិពីសហភាពអឺរ៉ុប និងភាពមិនច្បាស់លាស់នៃការដំឡើងពន្ធ កំពុងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងប្រទេសនានា ប្រទេសចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះតាមរយៈការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ឧទាហរណ៍ថ្មីៗ រួមទាំងការងារលើផ្លូវរថភ្លើងល្បឿនលឿនជាមួយវៀតណាម និងថៃ និងគោលការណ៍របស់ចិន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ៕

