អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (២១ កក្កដា) នេះថា កូរ៉េខាងត្បូងកំពុងសិក្សាផែនការផ្សេងៗមួយចំនួនដើម្បីកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងសេអ៊ូលកំពុងពិចារណាអនុញ្ញាតឱ្យមានដំណើរកម្សាន្តបុគ្គលទៅកាន់កូរ៉េខាងជើង។

លោក Koo Byung-sam អ្នកនាំពាក្យក្រសួងដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានបដិសេធមិនអត្ថាធិប្បាយលម្អិតលើជម្រើសដែលចាត់ទុកថាជា "បញ្ហាពិសេស" នោះទេ ប៉ុន្តែលោកបានបង្ហើបថា លោកយល់ថាដំណើរកម្សាន្តជាលក្ខណៈបុគ្គលបែបនេះមិនបំពានលើទណ្ឌកម្មអន្តរជាតិឡើយ។
វិស័យទេសចរណ៍គឺជាប្រភពសាច់ប្រាក់ដ៏តូចចង្អៀតមួយសម្រាប់កូរ៉េខាងជើង ដែលមិនត្រូវបានកំណត់គោលដៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើកម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់កូរ៉េខាងជើងទេ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសន្យាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹងជាមួយទីក្រុងព្យុងយ៉ាង ដែលបានឈានដល់កម្រិតដ៏អាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង លោក Lee បានផ្អាកការចាក់ឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើងតាមព្រំដែន និងបានបញ្ជាឱ្យបញ្ឈប់យុទ្ធនាការបង្ហោះខិតប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង។ ប្រធានាធិបតីរូបនេះក៏បាននិយាយថា លោកនឹងពិភាក្សាអំពីផែនការបន្ថែមទៀតជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ ដើម្បីបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដែលជាអ្នកជិតខាងជាប់ព្រំដែនដីគោកតែម្នាក់គត់របស់កូរ៉េខាងត្បូង៕

