ប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស នឹងបើកកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បន្ទាប់ពីមានការព្រមានពីប្រទេសអឺរ៉ុបទាំងបីថា ការខកខានមិនបន្តការចរចានឹងនាំឱ្យទណ្ឌកម្មអន្តរជាតិត្រូវបានដាក់ឡើងវិញលើទីក្រុងតេអេរ៉ង់។

កិច្ចចរចាត្រូវបានគ្រោងទុកនៅថ្ងៃសុក្រខាងមុខនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបចំនួន៣ ព្រមទាំងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានធ្វើការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់ខ្លួន ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមុន។

ប្រទេសអឺរ៉ុបទាំងបី រួមជាមួយប្រទេសចិន និងរុស្ស៊ី នៅតែជាភាគីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ ២០១៨ ដែលបានដកទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ាជាថ្នូរទៅនឹងការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ត្រូវបានគេដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនីប្រទេសអ៊ីរ៉ង់ថា «ជំនួបរវាងអ៊ីរ៉ង់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស»។ ប្រទេសអឺរ៉ុបទាំងបី និយាយថា ពួកគេនឹងដាក់ឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេង់នៅចុងខែសីហា ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលមានចាប់តាំងពីមុនពេលអ៊ីស្រាអែលចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល ពុំបានចាប់ផ្តើមឡើងវិញឬបរាជ័យចំពោះការបង្កើតលទ្ធផលជាក់ស្តែង។ អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាធ្វើឲ្យមានភាពស្មុគស្មាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលរាប់រយនាក់។ សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរធំៗចំនួនបីកន្លែងរបស់អ៊ីរ៉ង់ ដោយអះអាងថាបាន «បំផ្លាញ» ទីតាំងទាំងនោះចោល។