រដ្ឋបាលរបស់លោក Trump បាននិយាយថា ខ្លួននឹងចាត់វិធានការប្រឆាំងប្រទេសម៉ិកស៊ិក បន្ទាប់ពីរដ្ឋាភិបាលម៉ិកស៊ិក បានកាត់បន្ថយគម្លាតម៉ោងមមាញឹកនៃជើងហោះហើរ និងបង្ខំយន្តហោះដឹកជញ្ជូនទំនិញឱ្យផ្លាស់ប្តូរទីតាំងប្រតិបត្តិការនៅទីក្រុងម៉ិកស៊ិក ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ឬ DOT បានចោទប្រកាន់ការសម្រេចធ្វើឡើងនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលរំលោភលើកិច្ចព្រមព្រៀងផ្លូវអាកាសទ្វេភាគី។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើរដ្ឋាភិបាលម៉ិកស៊ិកខកខានក្នុងការដោះស្រាយការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជុំវិញសេចក្តីសម្រេចនេះ នោះក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក អាចនឹងបដិសេធសំណើជើងហោះហើរពីប្រទេសម៉ិកស៊ិក ដែលជាទិសដៅអន្តរជាតិដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក។

ក្រោយមកប្រធានាធិបតី លោក Andres Manuel Lopez Obrador បានអះអាងថាអាកាសយានដ្ឋានសំខាន់របស់រដ្ឋធានី មានភាពចង្អៀត ហើយអាកាសយានដ្ឋានមួយផ្សេងទៀតក្នុងប្រទេសម៉ិកស៊ិក អាចគ្រប់គ្រងចរាចរណ៍បន្ថែមបាន។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានស្នើឱ្យដកអភ័យឯកសិទ្ធិប្រឆាំងទំនុកចិត្តពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ជាមួយក្រុមហ៊ុន Aeromexico ដើម្បីដោះស្រាយបញ្ហាប្រកួតប្រជែង។
ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា វានឹងបង្កផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ដែលធ្វើដំណើររវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ព្រមទាំងការងារនៅសហរដ្ឋអាមេរិក សហគមន៍ និងការប្រកួតប្រជែងឆ្លងព្រំដែន។