នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្តេជ្ញាថានឹងបន្តដំណើរទៅមុខទៀត បន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចរបស់លោក បានរងបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលថ្ងៃអាទិត្យ (២០ កក្កដា) ខណៈសមាជិកមួយចំនួនក្នុងគណបក្សរបស់លោកផ្ទាល់ បានជជែកវែកញែកអំពីអនាគតនយោបាយរបស់នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ហើយគណបក្សប្រឆាំងកំពុងតែថ្លឹងថ្លែងនូវញត្តិដកសេចក្ដីទុកចិត្ត។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាបន្តបន្ទាប់ ខណៈដែលលទ្ធផលបានចេញមកកាលពីល្ងាចថ្ងៃអាទិត្យ លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងនៅតែបន្តតំណែងជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីថ្ងៃកំណត់ពន្ធជិតមកដល់ជាមួយសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យមានភាពតានតឹងដល់សេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោកមួយនេះ។
ក្រុមអ្នកវិភាគនិយាយថា ថ្ងៃកាន់តំណែងរបស់លោក Ishiba កំពុងរង្គោះរង្គើ ដោយសារតែលោកក៏បានបាត់បង់ការគ្រប់គ្រងរបស់សភាជាន់ទាបដ៏មានអំណាចឥទ្ធិពលរួចមកហើយក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ព្រមទាំងការចាញ់ឆ្នោតក្នុងសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យនេះទល់នឹងគណបក្សប្រឆាំង ដែលសន្យាកាត់បន្ថយពន្ធក្នុងស្រុក និងរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍។
ដោយប្រឈមមុខនឹងការរិះគន់ពីអ្នកបោះឆ្នោតជុំវិញកំណើនតម្លៃទំនិញប្រើប្រាស់ ក្រុមវិនិយោគិនភ័យខ្លាចថា រដ្ឋបាលរបស់លោក Ishiba ឥឡូវនេះនឹងត្រូវបន្ទន់ជំហរកាន់តែច្រើនលើគណបក្សប្រឆាំង សម្រាប់ការទាមទារកាត់បន្ថយពន្ធអាករ និងបង្កើនចំណាយលើសុខុមាលភាព ដែលជប៉ុនពុំអាចមានលទ្ធភាពធ្វើបានឡើយ៕

