ប្រជាជនម៉ារ៉ុករាប់ម៉ឺននាក់កាលពីថ្ងៃអាទិត្យ បានធ្វើបាតុកម្ម នៅក្នុងរដ្ឋធានីរ៉ាបាតប្រឆាំងនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយអំពាវនាវឲ្យមានការកែប្រែកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពទំនាក់ទំនងរបស់ព្រះរាជាណាចក្រនេះ ជាមួយអ៊ីស្រាអែល។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងនេះ ដោយលើកទង់ជាតិប៉ាឡេស្ទីន និងបដាអំពាវនាវឲ្យ មានលំហូរដោយសេរីនៃជំនួយទៅកាន់ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។

ក្រុមបាតុករ បានស្រែកថា៖ «នេះគឺជារឿងគួរឲ្យអាម៉ាសណាស់ តំបន់ហ្កាហ្សាកំពុងត្រូវបានវាយប្រហារ»ហើយ «ចាំចាច់ត្រូវដកការបិទខ្ទប់តំបន់នេះ»។ «ម៉ារ៉ុក និងប៉ាឡេស្ទីន គឺប្រជាជនតែមួយ» ហើយ«ពុំចាំបាច់ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ»។
ពួកគេបានជួបជុំគ្នាតាមការអំពាវនាវរបស់អង្គការនានា រួមទាំងក្រុមចម្រុះដែលនាំគ្នាចូលរួមចលនាឥស្លាមនិយម Al-Adl Wal-Ihssane និងគណបក្សឆ្វេងនិយមមួយចំនួន។
សង្រ្គាមនៅតំបន់ហ្កាហ្សាដែលបង្កឡើងដោយការវាយប្រហារយ៉ាងសាហាវរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បានបង្កើតលក្ខខណ្ឌមនុស្សធម៌ដ៏អាក្រក់សម្រាប់មនុស្សជាងពីរលាននាក់ ដែលរស់នៅក្នុងទឹកដីឆ្នេរសមុទ្រនេះ។