មេបញ្ជាការមួយរូបរបស់អង្គការណាតូ បានព្រមានថា កងកម្លាំងរបស់សម្ព័ន្ធយោធានេះអាចដណ្តើមយកតំបន់ Kaliningrad ដែលមានកំពែងដ៏រឹងមាំរបស់រុស្ស៊ី "នៅក្នុងពេលវេលាមិនធ្លាប់ដឹងឮពីមុនមក" ប្រសិនបើមានភាពចាំបាច់។

ឧត្តមសេនីយ Christopher Donahue មេបញ្ជាការកងទ័ពអាមេរិក អឺរ៉ុប និងអាហ្រ្វិក បានលើកឡើងបែបនេះ នៅពេលណាតូបង្ហាញផែនការការពារជាតិស្លាបខាងកើតថ្មី កាលពីថ្ងៃពុធសប្ដាហ៍មុន។
ដោយសង្កត់ធ្ងន់ជាពិសេសអំពីកំពែងការពារយ៉ាងរឹងមាំរបស់តំបន់ Kaliningrad លោក Donahue បាននិយាយថា សមត្ថភាពរបស់សម្ព័ន្ធយោធាទំនើប អាច "បំផ្លាញការការពារបានពីក្រោមដី" លឿនជាងពេលមុនៗទៅទៀត។ លោកបន្តថា៖ សមាជិកណាតូរៀបចំគម្រោងនោះរួចហើយ ហើយក៏អភិវឌ្ឍរួចដែរ ខណៈបញ្ហាដ៏ធំ និងការកសាងកម្លាំងទ័ពរបស់រុស្ស៊ី ជិតព្រំដែនណាតូ បាននាំឱ្យសម្ព័ន្ធយោធាអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីធ្វើឱ្យប្រាកដថាអាចបញ្ឈប់រឿងនេះបាន។
គួរឱ្យដឹងថា តំបន់ Kaliningrad គឺជាទឹកដីហ៊ុមព័ទ្ធរបស់រុស្ស៊ី លើសមុទ្របាល់ទិក ដែលបំបែកចេញពីរុស្ស៊ីដីគោក និងមានព្រំប្រទល់ខាងត្បូងជាប់ប៉ូឡូញ ហើយខាងជើងនិងខាងកើតជាប់លីទុយអានី។ សព្វថ្ងៃនេះ Kaliningrad គឺជាតំបន់ដាច់ស្រយាលនៃមហាអំណាចរុស្ស៊ី នៅចំកណ្តាលទឹកដីនៃអង្គការណាតូ ហើយស្ថិតក្នុងចំណោមតំបន់ដែលមានកម្លាំងខ្លាំងក្លាបំផុតនៅអឺរ៉ុប។
ការព្រមាននេះកើតឡើងស្របពេលមានការភ័យខ្លាចថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចដណ្តើមយកទឹកដីរបស់អង្គការណាតូ ប្រសិនបើលោកមិនបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន នៅក្នុងអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្លាប់បានព្រមានពីមុនរួចមកហើយ៕

