ប្រភពពីរដ្ឋាភិបាលដែលគាំទ្រដោយកងទ័ព បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានប៉ារ៉ាស៊ូដង់ បានធ្វើការវាយប្រហារដោយយានដ្រូន នៅភាគខាងកើតដែលគ្រប់គ្រងដោយកងទ័ព ដោយកំណត់គោលដៅ ទៅលើអាកាសយានដ្ឋាន Kassala ក្បែរព្រំដែនជាមួយប្រទេសអេរីត្រេ។

ទាហានប៉ារ៉ាបានពង្រីកវិសាលភាពនៃការវាយប្រហារតាមអាកាសយ៉ាងញឹកញាប់របស់ពួកគេ ទៅលើតំបន់ ដែលកាន់កាប់ដោយកងទ័ព ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងលើទឹកដីជាច្រើនទៅកងទ័ពធម្មតា។

ប្រភពដែលមានទំនាក់ទំនងជាមួយកងទ័ព បានប្រាប់សារព័ត៌មាន AFPថា យានដ្រូនមួយគ្រឿង បានកំណត់គោលដៅទៅលើកន្លែងស្តុកប្រេងឥន្ធនៈនៅព្រលានយន្តហោះ Kassala ដោយបានស្តីបន្ទោសការវាយប្រហារទៅលើកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ហើយរាយការណ៍ថា មិនមានអ្នកស្លាប់ ឬការខូចខាតនោះទេ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក កងទ័ពធម្មតាដែលដឹកនាំដោយមេដឹកនាំពិតប្រាកដរបស់ប្រទេសស៊ូដង់លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan បាននិងកំពុងប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដែលដឹកនាំដោយលោក Mohamed Hamdan Dagalo នៅក្នុងសង្រ្គាមដ៏ឃោរឃៅ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានធ្វើឲ្យមនុស្ស ១៣ លាននាក់ផ្លាស់ប្តូរទីលំនៅ។