ប្រជាពលរដ្ឋជប៉ុន នៅថ្ងៃចន្ទ (២១ កក្កដា) មិនបានសម្ដែងការភ្ញាក់ផ្អើលអ្វីសោះឡើយ បន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ បានចាញ់ឆ្នោត ដោយបាត់បង់ការគ្រប់គ្រងនៅសភាជាន់ខ្ពស់ ដែលធ្វើឱ្យការកាន់អំណាចរបស់នាយករដ្ឋមន្ត្រី លោក Shigeru Ishiba កាន់តែចុះខ្សោយ។

ក្រុមអ្នកវិភាគបាននិយាយថា ការបោះឆ្នោតសភាជាន់ខ្ពស់របស់ជប៉ុន កាលពីថ្ងៃអាទិត្យ បានក្លាយជាការប៉ះទង្គិចដ៏ធំមួយដល់ក្រុមចម្រុះកំពុងកាន់អំណាច និងអាចបង្កភាពរង្គោះរង្គើដល់ទីផ្សារ ដោយសារភាពមិនពេញលេញគោលនយោបាយដែលអាចកើតមាន និងឱនភាពសារពើពន្ធកាន់តែធំ។
នៅព្រឹកបន្ទាប់ពីការបោះឆ្នោត អ្នកស្រុកបាននិយាយថា រដ្ឋាភិបាលខកខានឱកាសក្នុងការជំរុញអត្រាគាំទ្ររបស់ពួកគេក្នុងចំណោមមអ្នកបោះឆ្នោត ដូចជាការដោះស្រាយកំណើនតម្លៃអង្ករបច្ចុប្បន្ន ឬដោះស្រាយការទាមទារផ្នែកពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាដើម។
លទ្ធផលនៃការបោះឆ្នោតនេះ មិនមែនជាការតក់ស្លុតទាំងស្រុងចំពោះទីផ្សារជប៉ុនទេ ប៉ុន្តែបានកើតឡើងនៅក្នុងពេលវេលាដ៏លំបាកមួយសម្រាប់ប្រទេស ដែលកំពុងព្យាយាមទទួលបានកិច្ចព្រមព្រៀងពន្ធគយជាមួយលោក Trump មុនពេលកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី០១ ខែសីហា ដ៏ខ្លីខាងមុខ៕

