ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ត្រៀមជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ ២២ កក្កដា សប្តាហ៍នេះ ដោយក្ដីសង្ឃឹមថា ឋានៈរបស់ទីក្រុងម៉ានីលជាសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់អាមេរិក នឹងអាចនាំឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកាន់តែអំណោយផល មុនកាលបរិច្ឆេទផុតកំណត់ពន្ធនៅថ្ងៃទី០១ សីហា ដ៏ឆាប់ខាងមុខ។

លោក Marcos នឹងជាមេដឹកនាំអាស៊ីអាគ្នេយ៍ដំបូងគេដែលបានជួបលោក Trump ក្នុងអាណត្តិទីពីររបស់លោក។ លោក Trump បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មរួចហើយជាមួយដៃគូក្នុងតំបន់ចំនួនពីររបស់ទីក្រុងម៉ានីល គឺវៀតណាម និងឥណ្ឌូនេស៊ី ដោយជំរុញឱ្យមានការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ សូម្បីតែជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធទាំងឡាយ ដែលទីក្រុងវ៉ាស៊ីនតោនត្រូវការក្នុងការប្រកួតប្រជែងជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយចិនក៏ដោយ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញគិតថា ហ្វីលីពីនអាចសម្រេចបានកិច្ចព្រមព្រៀងល្អជាងវៀតណាម និងឥណ្ឌូនេស៊ី។
លោក Marcos បាននិយាយក្នុងសុន្ទរកថាមុនពេលចាកចេញពីទីក្រុងម៉ានីលថា "លោករំពឹងថា ការពិភាក្សារបស់ភាគីទាំងពីរនឹងផ្តោតលើសន្តិសុខ និងការពារជាតិ ប៉ុន្តែក៏លើពាណិជ្ជកម្មផងដែរ"។ លោកបន្តថា៖ ហ្វីលីពីនសង្ឈឹមថាមានវឌ្ឍនភាពលើការចរចាជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្លាស់ប្តូរដែលក្រុងម៉ានីលចង់បាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃតារាងពន្ធដ៏ធ្ងន់ធ្ងរលើហ្វីលីពីន។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក មានឱនភាពជិត ៥ពាន់លានដុល្លារ ជាមួយហ្វីលីពីន កាលពីឆ្នាំមុន លើពាណិជ្ជកម្មទំនិញទ្វេភាគីចំនួន ២៣,៥ពាន់លានដុល្លារ។ លោក Trump នៅខែនេះ បានគំរាមដំឡើងពន្ធ "បដិការ" លើការនាំចូលពីហ្វីលីពីន ដល់ ២០% ពីអត្រា ១៧% ពីមុននៅក្នុងខែមេសា៕

