ប្រភពនៅក្នុងក្រសួងការបរទេសទួរគី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី ត្រូវបានផ្តោតការយកចិត្តទុក ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរបស់រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសស៊ីរីលោក Tom Barrack និងសមភាគីស៊ីរីរបស់លោកគឺ លោក Asaad al-Sheibani ។

ពួកគេបាននិយាយថា៖«ក្នុងអំឡុងពេលនៃកិច្ចចរចា ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍ នៅក្នុងប្រទេសស៊ីរី និងវាយតម្លៃការចរចានៅទីក្រុងអាម៉ាន(Amman)នៃប្រទេសហ្ស៊កដានី ស្តីពីស្ថានភាពនៅភាគខាងត្បូងប្រទេសស៊ីរី»។

យោងតាមរបាយការណ៍មុននេះ ទីក្រុងអាម៉ាន បានរៀបចំកិច្ចពិភាក្សារវាងប្រមុខការទូតរបស់ហ្ស៊កដានី និងស៊ីរី និងបេសកជនអាមេរិកសម្រាប់ស៊ីរី។ ពួកគេបានពិភាក្សាអំពីវិធានការ ដើម្បីបង្កើនស្ថិរភាព នៅក្នុង ខេត្ត Sweida របស់ប្រទេសស៊ីរី បន្ទាប់ពីមានការប៉ះទង្គិចនាពេលថ្មីៗនេះ នៅទីនោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី លោក Nour Eddin Al-Baba បាននិយាយនៅព្រឹកព្រលឹមថ្ងៃអាទិត្យថា ការប៉ះទង្គិចគ្នាដោយអាវុធនៅក្នុងទីក្រុង Sweida បានបញ្ឈប់ទាំងស្រុងហើយ។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបណ្តោះអាសន្នស៊ីរីលោក Ahmed al-Sharaa បានប្រកាសបទឈប់បាញ់ភ្លាមៗ នៅក្នុងខេត្ត Sweida ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងកងជីវពល និងកងកម្លាំងការពារស្វ័យការពារ Druze ។ បទឈប់បាញ់ ត្រូវបានប្រកាស ស្របតាមផែនការផ្សះផ្សាដែលព្រាងដោយមានជំនួយពីអ្នកសម្រុះសម្រួលអន្តរជាតិ។