បាល់ទាត់៖ ខ្សែបម្រើបារាំងរបស់ក្រុមបិសាចក្រហម Manchester United, Paul Pogba ត្រូវអវត្តមានយ៉ាងហោចណាស់ ១ខែទៀតដើម្បីជាសះស្បើយស្រួលបួលពីបញ្ហាក្រលៀន នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick។ Paul Pogba ដែលបានលេង ១៣ប្រកួតឱ្យ Manchester United រដូវកាលនេះបានចាប់ផ្តើមមានបញ្ហាក្រលៀន អំឡុងការហ្វឹកហាត់ជាមួយក្រុមជំរើសជាតិបារាំងកាលពីខែវិច្ឆិកាកន្លងទៅ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងអស់សុពលភាពកិច្ចសន្យាជាមួយ Manchester United នៅខែមិថុនាដំណាច់រដូវកាលនេះ ហើយបច្ចុប្បន្នមិនមានដំណឹងបន្តកិច្ចសន្យា រឺចរចាផ្ទេរទៅក្លិបណាមួយនៅឡើយ។ Manchester United កំពុងឈរលេខ ៧ ក្នុងតារាង English Premier League ខណៈនឹងត្រូវជួបជាមួយ Atletico Madrid វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League នៅខែក្រោយ៕
អត្ថបទ៖នាង សុភាវុធ