ប្រទេសចិន នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ បានអះអាងថា ខ្លួននឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុប (EU) នៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ដែលជាការរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត ខណៈដែលភាគីទាំង២ ប្រឹងប្រែងដោះស្រាយជម្លោះពាណិជ្ជកម្មសន្សឹមៗ ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល។
ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) ហើយនិងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping។

ហើយជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang (លី ឈាង) នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបលើកទី២៥ ជាមួយមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃតែមួយនោះ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះកើតមានឡើង ស្របពេលដែលជម្លោះពាណិជ្ជកម្មសកលឡើងកម្ដៅកាន់តែក្តៅគគុក ដោយទីក្រុងប៉េកាំងកំពុងព្យាយាមធានាឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធជាមួយប្លុកនេះ ដើម្បីការពារទប់ទល់នឹងភាពមិនច្បាស់លាស់ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ទំនាក់ទំនងសហភាពអឺរ៉ុប-ចិន មានសភាពកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ក្នុងឆ្នាំ២០២១ នៅពេលដែលទីក្រុងប៊្រុចសែល បានដាក់ទណ្ឌកម្មលើមន្ត្រីចិន ដោយផ្ដល់ហេតុផលពីការរំលោភសិទ្ធិមនុស្ស ជាចំណាត់ការដែលបានឃើញនូវការដាក់ទណ្ឌកម្មសងសឹកវិញភ្លាមៗពីទីក្រុងប៉េកាំង ដោយផ្អាកនូវការផ្លាស់ប្តូរទ្វេភាគីជាច្រើនវិស័យ។
តែយ៉ាងណាក្ដី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការដំឡើងពន្ធ ក្នុងខែមេសា លោកស្រី von der Leyen បានប្រាប់នាយករដ្ឋមន្ត្រីចិន លោក Li តាមរយៈទូរសព្ទថា វាជាការទទួលខុសត្រូវរបស់ EU និងចិន «ក្នុងការគាំទ្រកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មដ៏រឹងមាំ សេរី យុត្តិធម៌ និងដែលត្រូវបានបង្កើតឡើង ដើម្បីឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌»៕
