ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នានាសប្តាហ៍ក្រោយ ដើម្បីបង្កើតផែនការបន្ទាន់មួយ ក្នុងករណីមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា មន្ត្រីភាគច្រើនចង់បន្តការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកផ្លូវដោះស្រាយបញ្ហា មុនថ្ងៃទី១ ខែសីហា ជាថ្ងៃដែលកាតព្វកិច្ចពន្ធ ៣០ភាគរយចូលជាធរមាន។
ហើយក្នុងពេលជាមួយគ្នានេះ បើតាមប្រភពនានា បានឲ្យដឹងថា កិច្ចចរចាកាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន មិនទាន់នាំឲ្យមានវឌ្ឍនភាពដ៏រឹងមាំមួយនៅឡើយទេ។ ក្រុមអ្នកចរចានៃភាគីទាំង២ នឹងបន្តការពិភាក្សាក្នុងរយៈពេល ២សប្តាហ៍ខាងមុខ។ ប្រភពទាំងនោះបានប្រាប់ទៀតថា ឥឡូវនេះ សហរដ្ឋអាមេរិកនឹងស្ទើរតែស្វែងរកការដាក់ពន្ធសកលលើទំនិញនានា លើសពី ១០ភាគរយ។

ទន្ទឹមនឹងនេះដែរ ការលើកលែងកាតព្វកិច្ចពន្ធតិចតួច នឹងអនុវត្តចំពោះវិស័យអាកាសចរណ៍ ឧបករណ៍វេជ្ជសាស្រ្តមួយចំនួន និងឱសថទូទៅ ភេសជ្ជៈមានជាតិអាល់កុលជាច្រើនប្រភេទ និងឧបករណ៍ផលិតជាក់លាក់ដែលសហរដ្ឋអាមេរិកត្រូវការ។ ភាគីទាំង២ ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពនៃការកម្រិតខ្ពស់បំផុត សម្រាប់វិស័យមួយចំនួន ក៏ដូចជាកូតាលើអំបិល និងអាលុយមីញ៉ូម និងរបៀបការពារខ្សែច្រវាក់ផ្គត់ផ្គង់ពីប្រភពដែលមានការផ្គត់ផ្គង់លោហធាតុលើស។
តែយ៉ាងណាក្ដី ប្រភពបានព្រមានថា ទោះបីជាកិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចក៏ដោយ ក៏វានឹងទាមទារការយល់ព្រមពីលោក Trump ប៉ុន្តែជំហររបស់លោក គឺមិនច្បាស់លាស់នោះឡើយ។ យោងតាមបុគ្គលមួយចំនួន បានបញ្ជាក់ថា នៅពេលដែលការរំពឹងទុកពីការមានលទ្ធផលវិជ្ជមាននៃកិច្ចចរចានេះ កាន់តែតិចទៅៗ ហើយពេលវេលាកំណត់កាន់តែខិតជិតមកដល់នោះ EU ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមរៀបចំផែនការបន្ទាន់ ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាន៕
