ការគាំទ្រចំពោះគោលនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្លាក់ចុះនៅក្នុងការស្ទង់មតិថ្មីមួយ ដោយមានភាពយល់ឃើញខុសគ្នាស្រឡះ ក្នុងចំណោមគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការនិរទេស និងការប្រើប្រាស់ទីកន្លែងឃុំឃាំង។
ការស្ទង់មតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) ដោយអង្គភាព CBS/YouGov បានរកឃើញថា អន្តោប្រវេសន៍ គឺជាបញ្ហាធំជាងគេដែលជះឥទ្ធិពលដល់គំនិតរបស់អ្នកឆ្លើយតប ចំពោះលោកប្រធានាធិបតី។ ៦១ភាគរយ បានប្រាប់ថា គោលនយោបាយអន្តោប្រវេសន៍ និងការនិរទេស «មានសារៈសំខាន់ខ្លាំងណាស់» ហើយបន្ទាប់មកគឺបញ្ហាអតិផរណា និងសេដ្ឋកិច្ច។

ជារួម ការស្ទង់មតិបង្ហាញថា ការគាំទ្រលោក Trump គឺចំនួន ៤២ភាគរយ ហើយការមិនយល់ស្រប ៥៨ភាគរយ។ ការស្ទង់មតិពីមុនបានរកឃើញថា គោលនយោបាយរបស់លោក Trump ទទួលបានការគាំទ្រ ៤៥ភាគរយ នៅក្នុងខែមិថុនា និង ៤៧ភាគរយ នៅពាក់កណ្តាលខែមេសា។
ផ្ទុយទៅវិញ ប្រជាប្រិយភាពជារួមរបស់លោកប្រធានាធិបតីរូបនេះ ក្នុងអាណត្តិទី២ ដែលជាស្ទង់មតិធ្វើឡើងដោយសារព័ត៌មាន The New York Times និង Real Clear Politics បង្ហាញលទ្ធផលរៀងគ្នា ដោយការគាំទ្រ ៤៤ភាគរយ និង ៤៤,៥ភាករយ ហើយការមិនគាំទ្រ ៥៣ភាគរយ និង ៥២ភាគរយ។
ការស្ទង់មតិបានសួរអ្នកឆ្លើយតបជាពិសេសអំពីកិច្ចប្រឹងប្រែង ក្នុងការនិរទេសដ៏ធំរបស់រដ្ឋបាល។ ការគាំទ្រ ចំពោះការនិរទេសនេះ ក៏បានធ្លាក់ចុះ ១០ពិន្ទុផងដែរ ចាប់តាំងពីខែកុម្ភៈ ដោយភាគច្រើន ឥឡូវនេះ បានជំទាស់។ តិចជាងពាក់កណ្តាល ពោលគឺ ៤៩ភាគរយនៃអ្នកឆ្លើយសំណួរ បានប្រាប់ថា ពួកគេបានយល់ស្រប ចំពោះការនិរទេស ក្នុងខែកក្កដា ធៀបនឹងកម្រិត ៥៩ភាគរយ នៅក្នុងខែកុម្ភៈ៕
