រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃចន្ទនេះថា យោធាអ៊ីស្រាអែលបានវាយប្រហារ «គោលដៅភេរវកម្មជាច្រើន» ដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ួទី នៅកំពង់ផែ Hodeida របស់ប្រទេសយេម៉ែន។

លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែល «ទើបតែវាយប្រហារគោលដៅភេរវកម្មរបស់របបភេរវកម្មរបស់ក្រុមហ៊ួទី នៅកំពង់ផែ Hodeida ហើយកំពុងពង្រឹងការទប់ស្កាត់ការប៉ុនប៉ងណាមួយ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ដែលបានវាយប្រហារពីមុនមក។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពបានអះអាងថា៖«ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធយោធាដែលត្រូវបានវាយប្រហារ មានយានយន្តវិស្វកម្ម ធុងសាំង នាវាកងទ័ពជើងទឹកប្រើប្រាស់សម្រាប់សកម្មភាពយោធា និងកម្លាំងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងនាវានៅក្នុងតំបន់ដែនសមុទ្រ ដែលនៅជាប់នឹងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មបន្ថែមដែលប្រើប្រាស់ដោយរបបភេរវកម្មរបស់ក្រុមហ៊ួទី»។
