ក្រុមហ៊ុន Microsoft បានចេញការជូនដំណឹងអំពី «ការវាយប្រហារដ៏សកម្ម» លើសូហ្វែរម៉ាស៊ីនមេដែលប្រើប្រាស់ដោយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីចែករំលែកឯកសារ នៅក្នុងស្ថាប័ននានា ហើយក្រុមហ៊ុនបានផ្តល់អនុសាសន៍ឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពសុវត្ថិភាពភ្លាមៗ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ កាលថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) បានឲ្យដឹងថា ខ្លួនដឹងពីការវាយប្រហារនេះ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហព័ន្ធ និងវិស័យឯកជនរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតឡើយ។

នៅក្នុងការសារព្រមានដែលចេញកាលថ្ងៃទី១៩ ខែកក្កដា ក្រុមហ៊ុន Microsoft បានប្រាប់ថា ភាពងាយរងគ្រោះនេះអនុវត្តចំពោះតែម៉ាស៊ីនមេ SharePoint ដែលត្រូវបានប្រើប្រាស់នៅក្នុងរង្វង់ក្រុមហ៊ុននានាប៉ុណ្ណោះ។
សារព័ត៌មាន Washington Post ដែលបានរាយការណ៍ជាលើកដំបូងអំពីការវាយប្រហារលើប្រព័ន្ធព័ត៌មានវិទ្យា បានឲ្យដឹងថា តួអង្គដែលមិនស្គាល់អត្តសញ្ញាណក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ បានឆ្លៀតជ្រៀតចូលពេលមានចន្លោះប្រហោង ដើម្បីបើកការវាយប្រហារដែលផ្តោតលើទីភ្នាក់ងារ និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងអន្តរជាតិ។
សារព័ត៌មាននេះបានឲ្យដឹងថា ចោរកម្មព័ត៌មានវិទ្យានេះ មានឈ្មោះថា ការវាយប្រហារ «ថ្ងៃសូន្យ» ព្រោះវាកំណត់គោលដៅលើភាពងាយរងគ្រោះដែលមិនត្រូវបានដឹងពីមុន។ ម៉ាស៊ីនមេរាប់ម៉ឺនបានរងហានិភ័យ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Microsoft មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕
