អាជ្ញាធរកិច្ចការបរទេសរបស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោសក្រុមជីវពល Druze ចំពោះការរារាំងក្បួនរថយន្តមនុស្សធម៌ ដែលធ្វើដំណើរទៅកាន់ខេត្ត Sweida ភាគខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរបាននិយាយថា ក្បួនដឹកជញ្ជូនគ្រឿងបរិក្ខារពេទ្យ ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងខេត្ត Sweida ជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ ដោយចោទប្រកាន់ក្រុមប្រដាប់អាវុធ Druze ពីបទដាក់លក្ខខណ្ឌលើការចូលជំនួយ។

សេចក្តីថ្លែងការណ៍ បាននិយាយថា មានតែចំនួននៃជំនួយកំណត់ ដែលអមដោយអឌ្ឍចន្ទក្រហមអារ៉ាប់ ស៊ីរី ត្រូវបានអនុញ្ញាតឲ្យចូល។
សេចក្តីថ្លែងការណ៍បានបន្តថា៖«ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន គឺជាលទ្ធផលផ្ទាល់នៃអន្តរាគមន៍របស់អ៊ីស្រាអែល ដែលកំពុងបន្ត និងការដកកងកម្លាំងសន្តិសុខស៊ីរី»។ «ការអន្តរាគមន៍នេះ បាននាំឲ្យ មានការបាត់បង់ការគ្រប់គ្រង ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់សេវាសំខាន់ៗ និងបំពេញតម្រូវការមូលដ្ឋាន»។
ប្រធានអាជ្ញាធរគ្រាអាសន្ន លោក Raed al-Saleh បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យថា ក្បួនរថយន្តជំនួយ បានរង់ចាំជាច្រើនថ្ងៃ ដើម្បីចូលទៅកាន់ខេត្ត Sweida ប៉ុន្តែថា «ស្ថានភាពសន្តិសុខដ៏ស្មុកស្មាញ និងការចាប់ពង្រត់សហសេវិក» បានពន្យារពេលការដឹកជញ្ជូន។
