រថក្រោះអ៊ីស្រាអែលបានរុលចូលជាលើកដំបូងទៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃទីក្រុង Deir Al-Balah របស់តំបន់ហ្កាហ្សា នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ ជាតំបន់ដែលប្រភពអ៊ីស្រាអែលបានប្រាប់ថា យោធាជឿថា ចំណាប់ថ្នូរនៅសល់មួយចំនួន អាចត្រូវបានឃុំខ្លួននៅទីនោះ។
ក្រុមគ្រូពេទ្យបថមសង្គ្រោះ នៅក្នុងតំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់បានរងរបួស ក្នុងអំឡុងពេលមានការបាញ់ផ្លោងពីរថក្រោះដែលបានត្រូវផ្ទះចំនួន ៨ខ្នង និងវិហារអ៊ីស្លាមចំនួន ៣ នៅក្នុងតំបន់នេះ ហើយការវាយប្រហារនោះបានកើតឡើង មួយថ្ងៃបន្ទាប់ពីយោធាបានបញ្ជាឲ្យអ្នកស្រុកចាកចេញ ដោយប្រាប់ថា ខ្លួនមានគម្រោងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។

ការវាយឆ្មក់ និងការទម្លាក់គ្រាប់បែក បានរុញច្រានគ្រួសាររាប់សិបនាក់ដែលនៅសេសសល់រត់ភៀសខ្លួន ហើយធ្វើដំណើរឆ្ពោះទៅទិសខាងលិចតំបន់ឆ្នេរនៃទីក្រុង Deir Al-Balah និងទីក្រុងដែលនៅជិតនោះ គឺ Khan Younis។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបឋមសង្គ្រោះបានបញ្ជាក់ថា នៅទីក្រុង Khan Younis នាព្រឹកថ្ងៃចន្ទនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ ក្នុងនោះរួមមានទាំងបុរសម្នាក់ ប្រពន្ធរបស់គាត់ និងកូន ២នាក់របស់ពួកគេ នៅក្នុងតង់មួយផងដែរ។ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលឡើយ ជុំវិញហេតុការណ៍នៅទីក្រុង Deir Al-Balah និង Khan Younis នេះ។
តែយោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនមិនបានចូលទៅក្នុងតំបន់នៃទីក្រុង Deir Al-Balah ដែលមានបញ្ជាឲ្យជម្លៀស អំឡុងជម្លោះនាពេលបច្ចុប្បន្ននេះទេ ហើយថា ខ្លួនកំពុងបន្ត «ប្រតិបត្តិការយ៉ាងខ្លាំងក្លា ដើម្បីបំផ្លាញសមត្ថភាពរបស់សត្រូវ និងហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ នៅក្នុងតំបន់»។
ប្រភពពីអ៊ីស្រាអែលបានឲ្យដឹងថា ហេតុផលដែលកងទ័ពរហូតមកដល់ពេលនេះ មិនចូលទៅក្នុងតំបន់នោះ គឺដោយសារតែសង្ស័យថា ក្រុមហាម៉ាសអាចនឹងឃុំខ្លួនចំណាប់ថ្នូរនៅទីនោះ។ យ៉ាងហោចណាស់ចំណាប់ថ្នូរ ២០នាក់ ក្នុងចំណោមអ្នកនៅសល់ ៥០នាក់ ដែលស្ថិតក្នុងការឃុំខ្លួន នៅតំបន់ហ្កាហ្សា ត្រូវបានគេជឿថា នៅមានជីវិត។ គ្រួសារចំណាប់ខ្មាំងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសាច់ញាតិរបស់ពួកគេ និងទាមទារឲ្យមានការពន្យល់ពីកងទ័ព អំពីវិធីដែលកងកម្លាំងនឹងការពារអ្នកទាំងនោះ៕


