បេសកជនអាមេរិកម្នាក់ បានបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសម្រាប់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសស៊ីរី ដោយនិយាយនៅថ្ងៃចន្ទនេះថា មិនមាន «ផែនការ B» ដើម្បីធ្វើការជាមួយអាជ្ញាធរបច្ចុប្បន្ន ដើម្បីបង្រួបបង្រួមប្រទេស ដែលទើតែចេញផុតពីសង្គ្រាមស៊ីវិលជិត ១៤ឆ្នាំ ហើយឥឡូវនេះត្រូវបានញាំញីដោយការផ្ទុះឡើងថ្មីនៃអំពើហិង្សាបង្កឡើងដោយក្រុមប្រកាន់និកាយ។

លោកបានបញ្ចេញសំឡេងរិះគន់ចំពោះអន្តរាគមន៍ថ្មីៗនេះរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី ដោយហៅថាវាមានពេលវេលាមិនល្អ ហើយបាននិយាយថា វាមានភាពស្មាញដល់កិច្ចប្រឹងប្រែង ដើម្បីស្ថិរភាពតំបន់។
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទួគី និងជាបេសកជនពិសេសប្រចាំប្រទេសស៊ីរី និងមានអាណត្តិរយៈពេលខ្លី នៅក្នុងប្រទេសលីបង់ បានធ្វើការអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយសារព័ត៌មាន AP ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងបេរូត(Beirut)។ លោកបាននិយាយបន្ទាប់ពីការប៉ះទង្គិចគ្នា ជាងមួយសប្តាហ៍នៅក្នុងខេត្ត Sweida ភាគខាងត្បូងរវាងកងជីវពលនៃជនជាតិភាគតិចកាន់សាសនា Druze និងកុលសម្ព័ន្ធ Bedouin កាន់សាសនាមូស្លីមស៊ុននីក្នុងតំបន់។
