រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការកិច្ចចរចាដំបូងជាមួយអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សឺណែវកាលពីល្ងាចថ្ងៃអាទិត្យ ៩ មករា នៅមុនថ្ងៃនៃកិច្ចប្រជុំដ៏សំខាន់មួយគឺមានភាព "ស្មុគស្មាញ" ប៉ុន្តែការពិភាក្សាដូចជាការចរចាពីជំនួញ។
ក្រុមអ្នកការទូតរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុងរបស់ប្រទេសស្វីសនៅថ្ងៃចន្ទនេះ ស្របពេលមានក្ដីបារម្ភជុំវិញការបង្កើនកម្លាំងកងកទ័ពរុស្ស៊ីជិតអ៊ុយក្រែន។ ទីក្រុងមូស្គូកំពុងរំពឹងថានឹងទទួលបានការធានាសន្តិសុខពីប្រទេសលោកខាងលិច។ សារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់លោក Ryabkov ដោយនិយាយបន្ទាប់ពីការទាក់ទងដំបូងរបស់លោក ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman មុនពេលជំនួបជាផ្លូវការនៅថ្ងៃចន្ទនេះថា ការសន្ទនាមានការស្មុគស្មាញ វាពិតជាមិនងាយស្រួលនោះទេ។ ការពិភាក្សានេះដូចជាគោលការណ៍នៃការចរចាពីជំនួញ។ លោកគិតថា ពួកលោកនឹងខ្ជះខ្ជាយពេលវេលាសម្រាប់ការពិភាក្សាដែលគ្មានលទ្ធផលនៅថ្ងៃនេះ។
កាលពីថ្ងៃអាទិត្យនោះដែរ ប្រមុខការទូតអាមេរិកលោក Antony Blinken បាននិយាយចំៗថា លោកមិនរំពឹងថានឹងមានរបកគំហើញណាមួយនៅក្នុងសប្តាហ៍ខាងមុខនេះទេ។ ផ្ទុយទៅវិញលោកថា លទ្ធផលវិជ្ជមានបន្ថែមទៀតទំនងជានឹងជាកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងក្នុងរយៈពេលខ្លី និងការវិលទៅរកការចរចានៅពេលវេលាសមស្របណាមួយ នាពេលអនាគតជុំវិញវិបត្តិអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន