វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា) បានលើកឡើងថា ទំនាក់ទំនងរុស្ស៊ី-អាស៊ែបៃហ្សង់ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែទីក្រុងមូស្គូសង្ឃឹមថា ភាពល្អប្រសើរ នឹងមានឡើងវិញ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បាននិយាយថា លោកចង់ឲ្យរុស្ស៊ីព្រមទទួលស្គាល់ជាសាធារណៈថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាស៊ែបៃហ្សង់ដោយចៃដន្យ កាលពីខែធ្នូឆ្នាំមុន ជាហេតុការណ៍ដែលបានសម្លាប់មនុស្ស ៣៨នាក់នៅលើយន្តហោះនោះ និងដើម្បីដាក់ទណ្ឌកម្មដល់អ្នកដែលត្រូវទទួលខុសត្រូវ។
ភាពតានតឹង រវាងទីក្រុងមូស្គូ និងបាគូ ក៏បានកើនឡើងផងដែរ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការស្លាប់របស់បុរសជនជាតិអាស៊ែបៃហ្សង់ ២នាក់ នៅក្នុងការឃុំឃាំងរបស់នគរបាលរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនង រវាងប្រទេសទាំង២ គឺឈរលើមូលដ្ឋានរឹងមាំ និងផលប្រយោជន៍រួម។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប៉ុន្តែពេលខ្លះ វាកើតឡើងដែលមានរយៈពេលលំបាក ក្នុងទំនាក់ទំនង រវាងប្រទេសទាំង២។ នេះគឺជារយៈពេលមួយ ហើយយើងសង្ឃឹមថា រយៈពេលនេះនឹងកន្លងផុតទៅ»៕