វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ បានបញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពពីការមានជំនួប រវាងលោក Vladimir Putin និងលោក Donald Trump ប្រសិនបើទាំងប្រធានាធិបតីរុស្ស៊ី និងអាមេរិក មានវត្តមាននៅទីក្រុងប៉េកាំងក្នុងពេលតែមួយ នាខែកញ្ញាខាងមុខ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា លោក Putin នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ប៉ុន្តែបាននិយាយថា ទីក្រុងមូស្គូមិនបានដឹងឮថា តើលោក Trump មានគម្រោងទៅនោះដែរ ឬអត់ទេ។
នៅពេលត្រូវបានសួរថា តើមេដឹកនាំទាំង២ អាចជួបគ្នា ក្នុងនោះរួមទាំងលទ្ធភាពកិច្ចប្រជុំ ៣ភាគី ជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែរ ឬទេ លោក Peskov បានឆ្លើយតបថា៖ «អ្នកដឹងថា យើងកំពុងរៀបចំ សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីរបស់យើង កំពុងរៀបចំសម្រាប់ការធ្វើដំណើរនេះ ប៉ុន្តែយើងមិនបានដឹងឮថា តើលោកប្រធានាធិបតី Trump ក៏នឹងទៅទីក្រុងប៉េកាំងដែរ ឬអត់ទេ»។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា៖ «ប្រសិនបើវាកើតឡើង ដែលថា (លោក Trump) នៅទីនោះ ពិតណាស់ យើងមិនអាចបដិសេធបានឡើយ ដែលថា ការសង្ស័យពីភាពអាចទៅរួចនៃការរៀបចំកិច្ចប្រជុំមួយ នឹងត្រូវបានលើកឡើង»។
សារព័ត៌មាន The Times បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសចិនកំពុងរៀបចំខ្លួន ដើម្បីរៀបចំកិច្ចប្រជុំកំពូល រវាងលោក Trump និងលោក Putin៕