អ្នកជំនាញអង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ បានព្រមានថា ប្តីប្រពន្ធជនជាតិអង់គ្លេសវ័យចំណាស់មួយគូ ដែលត្រូវបានឃុំខ្លួនជាច្រើនខែ ដោយអាជ្ញាធរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចបាត់បង់ជីវិត ប្រសិនបើមិនមានលទ្ធភាពទទួលបានការព្យាបាល ហើយទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។
លោក Peter Reynolds វ័យ ៨០ឆ្នាំ និងប្រពន្ធរបស់គាត់ គឺលោកស្រី Barbie វ័យ ៧៥ឆ្នាំ ត្រូវបាន «ឃុំខ្លួនដោយបំពាននៅអាហ្វហ្គានីស្ថាន ដោយមិនមានការចោទប្រកាន់» ចាប់តាំងពីខែកុម្ភៈមក។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញឯករាជ្យចំនួន ៥រូបរបស់ UN។
អ្នកជំនាញបានប្រាប់ថា ពួគគាត់ទាំង២ ដែលបានរៀបការនៅទីក្រុងកាប៊ុលក្នុងឆ្នាំ១៩៧០ ហើយបានរស់នៅបន្តក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជិត ២ទសវត្សរ៍ «ត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៥ខែមកហើយ ក្នុងនោះរួមទាំងនៅក្នុងកន្លែងឃុំឃាំងដ៏តឹងរ៉ឹងបំផុតជាច្រើនខែផងដែរ ហើយក្រោយមកនៅក្នុងបន្ទប់ក្រោមដីដោយគ្មានពន្លឺព្រះអាទិត្យ»។
អ្នកជំនាញទាំងនោះបានសង្កត់ធ្ងន់ថា «សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស» ដោយបានព្រមានថា «ប្រសិនបើគ្មានលទ្ធភាពទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តគ្រប់គ្រាន់ទេនោះ ពួកគាត់នឹងប្រឈមនឹងគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បាន ឬសូម្បីតែអាចបាត់បង់ជីវិត»៕