អង្គការសហប្រជាជាតិ បានព្រមានកាលថ្ងៃអាទិត្យ (២០ កក្កដា) អំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងតំបន់ហ្កាហ្សា ជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃកុមារខ្វះអាហារូបត្ថម្ភ បានចូលមន្ទីរពេទ្យកុមារ Rantisi ដោយសារតែកង្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តយ៉ាងគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត Ragheb Warshagha ប្រធានផ្នែកជំងឺក្រពះពោះវៀននៅមន្ទីរពេទ្យហ្កាហ្សា បានប្រាប់អង្គការសហប្រជាជាតិថា "ករណីធ្ងន់ធ្ងរជាច្រើនឥឡូវនេះបានទៅដល់មន្ទីរពេទ្យ Rantisi ដែលតម្រូវឱ្យមានការត្រួតពិនិត្យមើលថែទាំ និងការព្យាបាលត្រឹមត្រូវ"។ វេជ្ជបណ្ឌិតរូបនេះបន្តថា៖ ដោយសារម្តាយទទួលរងពីកង្វះអាហារូបត្ថម្ភ និងកង្វះទឹកដោះ ដែលនាំឱ្យទារកខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ជាពិសេសការស្រកទម្ងន់ស្គមស្គាំងយ៉ាងគ្រោះថ្នាក់។
កាលពីថ្ងៃទី១៩ ឧសភា អ៊ីស្រាអែលបានដកការរាំងខ្ទប់ជំនួយទាំងស្រុងរយៈពេល ១១សប្តាហ៍លើតំបន់ហ្កាហ្សា ដោយអនុញ្ញាតឱ្យការដឹកជញ្ជូនមានកំណត់របស់អង្គការសហប្រជាជាតិ អាចបន្តបាន។ ទោះយ៉ាងនេះក្ដី ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នៅតែត្រូវបន្តហាមឃាត់មិនឱ្យនាំយកជំនួយទៅក្នុងដែនដីនេះឡើយ។
ទីភ្នាក់ងារសម្របសម្រួលជំនួយយោធារបស់អ៊ីស្រាអែល ឈ្មោះ COGAT និយាយថា ខ្លួនបានជួយសម្រួលដល់រថយន្តដឹកទំនិញចំនួន ៦៧.០០០គ្រឿង ចូលទៅកាន់តំបន់ហ្កាហ្សារួចហើយ ដោយចែកចាយអាហារចំនួន ១,៥លានតោន រួមទាំងអាហារបំប៉នសម្រាប់ទារក និងទឹកដោះគោផងដែរ៕

