ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ថាមនុស្ស២នាក់ស្លាប់ និង១៥នាក់រងរបួសពីរលកថ្មីនៃមីស៊ីលរុស្ស៊ីដែលបានវាយលុកអ៊ុយក្រែនពេញមួយយប់កាលពីថ្ងៃអាទិត្យ ខណៈការវាយប្រហារដោយយានដ្រូនរបស់ទីក្រុង Kyiv បានបង្កឱ្យមានភាពចលាចលក្នុងការធ្វើដំណើរនៅព្រលានយន្តហោះក្រុងមូស្គូ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា អ្នកក្រុង Kyiv និងទីក្រុងធំៗផ្សេងទៀតរបស់អ៊ុយក្រែនបានប្រឈមការមិនបានទទួលទានដំណេកមួយយប់ទៀត ខណៈប្រទេសរុស្ស៊ី បានបាញ់ស្រោចដោយមីស៊ីល និងយានដ្រូន៤៥០ គ្រឿងពេញមួយយប់កាលពីថ្ងៃចន្ទ។
ប្រភពដដែលបានបន្ថែមថា ភាគច្រើនត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមីស៊ីល២៣គ្រឿង បានវាយប្រហារលើទីតាំងចំនួន ៣ ហើយកម្ទេចកម្ទីពីមីស៊ីលដែលស្ទាក់ចាប់បាន ធ្លាក់រាយប៉ាយក្នុងតំបន់ចំនួន១២ ។
ការព្រមានអំពីការវាយឆ្មក់តាមអាកាសទូទាំងប្រទេសត្រូវបានចេញនៅក្នុងតំបន់ភាគច្រើននៃអ៊ុយក្រែន ដោយក្រុមអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ពីរនាក់បានស្លាប់ និង ១៦នាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
លោក Zelenskyy បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីតែងតែជាការវាយលុកលើមនុស្សជាតិ ។ នៅក្នុងទីក្រុង Kyiv សាលាមត្តេយ្យមួយ រួមទាំងអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត ត្រូវបានឆេះ ៕

