បាល់ទាត់៖ បន្ទាប់ពីបរាជ័យផ្ទួនៗក្នុងទឹកដីខ្លួនឯង ៦ប្រកួតជាប់គ្នានៅ English Premier League ក្រុមជើងឯកអង់គ្លេសហង្សក្រហម Liverpool បានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ហើយក្រោយជ័យជំនះលើក្រុមអាល្លឺម៉ង់ RB Leipzig ២-០ និងសរុបទាំងពីរជើង ៤-០។

Mohamed Salah និង Sadio Mane រកបានម្នាក់ ១គ្រាប់ក្នុងការប្រកួតជើងទី២ នេះគ្រប់គ្រាន់ឲ្យក្រុមលោក Jurgen Klopp ឡើងវគ្គបន្ត។ ការប្រកួតនេះដែរក៏ស្វាគមន៍ ការត្រលប់មកវិញវត្តមានរបស់ Fabinho ក្រោយជាពីរបួស និងបានដើរតួសំខាន់ក្នុងតំណែងខ្សែការពារកណ្តាល ដែលកំពុងខ្វះខាតនៅ Liverpool បន្ទាប់ពី Virjil van Dijk និង Joe Gomez របួស។ ជ័យជំនះនេះដែរធ្វើឲ្យ Liverpool មិនទាន់ចាញ់ឡើយរាល់ជំនួបជាមួយក្រុមអាល្លឺម៉ង់ ១២លើកចុងក្រោយ។ ងាកមកការប្រកួតមួយគូទៀត Paris Saint Germain ស្វាគមន៍ក្រុមភ្ញៀវ Barcelona បន្ទាប់ពីក្រុមជើងឯកបារាំងបានយកឈ្នះនៅជើងទី១ លើទឹកដីអេស្ប៉ាញ ៤-១។
Kylian Mbappe ស៊ុតបាល់ ១១ម៉ែត្រនាំមុខនៅនាទីទី៣០ មុនពេលដែល Lionel Messi ស៊ុតតាមស្មើវិញនៅនាទីទី៣៧។ មុនចប់វគ្គទី១ Lionel Messi មានឱកាសស៊ុតបាល់ ១១ម៉ែត្រមួយគ្រាប់តែធ្វើមិនបានសំរេច ដែលជាការស៊ុត ១១ម៉ែត្រមិនបានសំរេចលើកទី៤ សំរាប់ Lionel Messi នៅ UCL និងជាលើកដំបូងគិតពីឆ្នាំ២០១៥ ដែលចុងក្រោយស៊ុត Manchester City មិនបានសំរេច។ មិនមានប្រែប្រួលគ្រាប់បាល់ទៀតឡើយ ចប់ការប្រកួតទៅ Paris Saint Germain យកឈ្នះ Barcelona សរុបទាំងពីរជើង ៥-១។ បរាជ័យនេះធ្វើឲ្យ Barcelona ធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League លើកដំបូងរាប់ពីឆ្នាំ២០០៧៕
អត្ថបទ៖នាង សុភាវុធ