កាលពីថ្ងៃចន្ទ ទី២១ កក្កដា រុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន នៅតែស្ថិតលើផ្លូវដ៏វែងឆ្ងាយទៀត ដោយភាគីទាំងពីរប្រកាន់ជំហរ “ប្រឆាំង”រៀងៗខ្លួន ទោះបីជាទីក្រុងមូស្គូ បានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយលើទីក្រុងគីវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឱ្យមានកិច្ចពិភាក្សាថ្មីនៅសប្តាហ៍នេះ ក៏ដោយ "ការងារការទូតជាច្រើនទៀត ចាំបាច់ត្រូវពិភាក្សាដែរ" ។
លោក Peskov បាននិយាយថា "ឥឡូវនេះ យើងត្រូវការផ្លាស់ប្តូរទស្សនៈ និងរៀបចំការចរចាលើសេចក្តីព្រាងទាំងពីរនេះ ដែលបច្ចុប្បន្នត្រូវបានជំទាស់យ៉ាងខ្លាំង។ កាលបរិច្ឆេទកំពុងត្រូវបានពិភាក្សា ប៉ុន្តែមិនទាន់មានអ្វីសម្រេចជាចុងក្រោយនៅឡើយទេ ស្របពេលដែលភាគីអ៊ុយក្រែន អះអាងពីការកំណត់ពេលវេលានៅថ្ងៃពុធសប្ដាហ៍នេះ។
អ៊ុយក្រែន និងរុស្ស៊ី បានជួបពិភាក្សាដោយផ្ទាល់ចុងក្រោយកាលពីជាងមួយខែមុននៅទីក្រុងអ៊ីស្តង់ប៊ុល ក្រោយសម្ពាធពីប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចរចាបន្ទាប់ពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានកាលពីខែមករា។កិច្ចប្រជុំទាំងនោះបានត្រឹមតែផ្តល់នូវការដោះដូរឈ្លើយសឹកប៉ុណ្ណោះ ហើយការចរចាឈានឆ្ពោះទៅបទឈប់បាញ់ បានជាប់គាំងចាប់តាំងពីពេលនោះមក។
អ៊ុយក្រែនបានបដិសេធលក្ខខណ្ឌទាំងឡាយរបស់រុស្ស៊ី ដោយហៅការទាមទារទាំងនោះថាជាឱសានវាទ។ ជំនួសមកវិញ លោក Zelenskyy បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបានអះអាងជាថ្មីអំពីសិទ្ធិរបស់អ៊ុយក្រែនក្នុងការបន្តស្វែងរកជាសមាជិកភាពរបស់អង្គការណាតូ និងសហភាពអឺរ៉ុប៕

