ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន The Times of Israel កាលថ្ងៃចន្ទ (២១ កក្កដា) ថា អ្នកចរចារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅទីក្រុងដូហា ប្រទេសកាតា មិនអាចទាក់ទងមេដឹកនាំក្រុមប៉ាឡេស្ទីនមួយនេះនៅតំបន់ហ្កាហ្សាបាននោះទេចាប់តាំងពីចុងសប្តាហ៍មុនមក ដែលនាំឱ្យរាំងស្ទះដល់ដំណើរការចរចាបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនៅក្នុងតំបន់ហ្កាហ្សា។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល បញ្ជូនផែនទីដែលធ្វើបច្ចុប្បន្នភាពរួច បង្ហាញពីការដាក់ពង្រាយកងទ័ពឡើងវិញរបស់ខ្លួនក្នុងអំឡុងពេលបទឈប់បាញ់ ៦០ថ្ងៃដែលកំពុងពិភាក្សានោះ។ ប្រភពអារ៉ាប់និយាយថា អ្នកសម្រុះសម្រួលមានសុទិដ្ឋិនិយមណាស់លើផែនទីនោះ និងឱកាសសម្រាប់កិច្ចព្រមព្រៀងមួយ ខណៈអ៊ីស្រាអែល បានដកថយពីការទាមទារពីមុនរបស់ខ្លួន ដែលចង់គ្រប់គ្រងទ្រង់ទ្រាយធំលើទឹកដីហ្កាហ្សា។ ប្រភពក៏រំពឹងថា ក្រុមហាម៉ាស នឹងយល់ព្រមលើផែនទីអ៊ីស្រាអែលថ្មីនេះដែរ។

ទោះយ៉ាងនេះក្ដី ប្រភពបានប្រាប់កាលពីថ្ងៃចន្ទទៀតថា ការពិភាក្សារបស់ក្រុមហាម៉ាសលើសំណើកែប្រែថ្មីរបស់អ៊ីស្រាអែលនេះ បានបន្តចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកដោយពុំមានការឆ្លើយតបអ្វីសោះ ខណៈការស្លាប់ប្រចាំថ្ងៃយ៉ាងច្រើនលើសលប់របស់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានធ្វើឱ្យក្រុមនេះខឹងសម្បារខ្លាំង និងអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រភពបន្ថែមថា ការសម្រេចចិត្តចុងក្រោយបំផុតរបស់អ៊ីស្រាអែល ក្នុងការបើកប្រតិបត្តិការជើងគោកនៅទីក្រុង Deir al-Balah ភាគកណ្តាលនៃតំបន់ហ្កាហ្សា ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ក៏អាចនឹងធ្វើឱ្យប៉ះពាល់បន្ថែមទៀតផងដែរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទងមេដឹកនាំក្រុមហាម៉ាស ដើម្បីរកការឆ្លើយតបទៅនឹងវឌ្ឍនភាពក្នុងការពិភាក្សាកិច្ចព្រមព្រៀងនៅទីក្រុងដូហា៕