ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីបាននិយាយថា ជនស៊ីវិលក្រុមកុលសម្ព័ន្ធ Bedouin រាប់រយនាក់ត្រូវបានជម្លៀសចេញពីទីក្រុង Sweida ដែលមានជនជាតិភាគតិច Druze រស់នៅច្រើនរបស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ជាផ្នែកនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ចប់ថ្ងៃនៃការបង្ហូរឈាមនៅភាគខាងត្បូងប្រទេសស៊ីរី។

ដោយត្រូវបានរាយការណ៍ថាមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ អំពើហិង្សានៅក្នុងទីក្រុង Sweida ភាគខាងត្បូង បានដាក់ការសាកល្បងលើប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ដោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន និងបានធ្វើឱ្យមានភាពប្រេះស្រាំកាន់តែជ្រៅនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមរយៈពេល១៤ឆ្នាំមកនេះ។ បទឈប់បាញ់បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ខណៈកងកម្លាំងសន្តិសុខក្រសួងមហាផ្ទៃ ត្រូវបានដាក់ពង្រាយនៅជាយក្រុង Sweida។

ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុនដោយការប៉ះទង្គិចគ្នារវាងក្រុមកុលសម្ព័ន្ធ Bedouin និងអ្នកប្រយុទ្ធរបស់សហគមន៍ Druze ក៏ដូចជាជនជាតិភាគតិចមួយចំនួនផ្សេងទៀតដែលមិនទុកចិត្តលើរដ្ឋាភិបាលថ្មីរបស់លោក Sharaa។ ទីក្រុងដាម៉ាស បានបញ្ជូនកងទ័ពទៅបង្ក្រាបការប្រយុទ្ធ ប៉ុន្តែបានធ្វើឲ្យធ្លាក់ចូលក្នុងអំពើហិង្សា ហើយត្រូវបានចោទប្រកាន់ពីការរំលោភបំពានយ៉ាងរាលដាល។ ប្រធានាធិបតីបណ្តោះអាសន្ន លោក al-Sharaa បានស្តីបន្ទោសអំពើហិង្សាលើ «ក្រុមក្រៅច្បាប់» ដោយសន្យាថានឹងការពារសិទ្ធិរបស់ក្រុមជនជាតិភាគតិច Druze និងនាំអ្នកដែលបានបំពានលើពួកគេឲ្យមកទទួលខុសត្រូវ។