រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃចន្ទ ថា រដ្ឋបាល របស់លោកTrump កំពុងផ្តល់អាទិភាពដល់គុណភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មលើការបំពេញតាមកាលបរិច្ឆេទកំណត់ដែលជិតមកដល់ ខណៈប្រទេសនានាកំពុងប្រជែងគ្នាដើម្បីបញ្ចៀសការដំឡើងពន្ធថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ លោក Scott Bessent និយាយថា «យើងនឹងមិនប្រញាប់ប្រញាល់សម្រាប់ប្រយោជន៍នៃការចុះកិច្ចព្រមព្រៀងនោះទេ។ នៅពេលត្រូវបានសួរថាតើកាលបរិច្ឆេទកំណត់អាចត្រូវបានបន្ថែមពេលសម្រាប់ប្រទេសនានាដែលចូលរួមក្នុងកិច្ចពិភាក្សាដែរឬទេ លោកបាននិយាយថា វាអាស្រ័យលើលោកប្រធានាធិបតី Donald Trump ។

លោក Trump បានធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើដោយការគំរាមដំឡើងពន្ធគយដែលដាក់គោលដៅលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋបាលរបស់លោក ពុំបានធានាឲ្យមានកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើន រួមមានប្រទេសឥណ្ឌា សហភាពអឺរ៉ុប និងជប៉ុន ដែលការចរចាបានបង្ហាញពីការលំបាកជាងការដែលរំពឹងទុក។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា សហរដ្ឋអាមេរិកនៅតែចូលរួមជាមួយរដ្ឋាភិបាលនៅទូទាំងពិភពលោក ហើយអាចប្រកាសកិច្ចព្រមព្រៀងថ្មី ឬចេញការជូនដំណឹងអំពីការដំឡើងពន្ធបន្ថែមទៀតមុនថ្ងៃផុតកំណត់។
ទន្ទឹមនឹងនោះ អ្នកការទូតសហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះកំពុងពិចារណាលើវិធានការប្រឆាំងកាន់តែទូលំទូលាយ ក្នុងពេលមានភាពមិនច្បាស់លាស់នៃចក្ខុវិស័យសម្រាប់កិច្ចព្រមព្រៀង។ ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតកំពុងថ្លឹងថ្លែងលើការប្រើប្រាស់ឧបករណ៍ «ប្រឆាំងការបង្ខិតបង្ខំ»។