រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កិច្ចចរចារវាងអាមេរិក និងចិន អាចរាប់បញ្ចូលទាំងការទិញរបស់ចិនពីប្រេងរុស្ស៊ី និងអ៊ីរ៉ង់ ជាវិធានការដែលនឹងផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់នៃការចរចាពាណិជ្ជកម្មទៅជាបញ្ហាសន្តិសុខជាតិ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានដំឡើងពន្ធថ្មីលើសម្ព័ន្ធមិត្ត និងដៃគូប្រកួតប្រជែងដូចគ្នានៅឆ្នាំនេះ ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាលពីខែមេសាបានដំឡើងពន្ធលើទំនិញរបស់គ្នាទៅវិញទៅមកយ៉ាងឆាប់រហ័សនៅក្នុងការដំឡើងពន្ធសងសឹកគ្នា។
ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ និងទីក្រុងឡុងដ៍្រ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក បានទម្លាក់កម្រិតពន្ធជាបណ្តោះអាសន្នរហូតដល់ពាក់កណ្តាលខែសីហា ខណៈការពិភាក្សានៅតែបន្ត។
លោក Bessent បានប្រាប់ទូរទស្សន៍ CNBC នៅក្នុងបទសម្ភាសន៍មួយថា លោកគិតថាពាណិជ្ជកម្មគឺស្ថិតនៅក្នុងទីតាំងដ៏ល្អ ។ហើយលោកគិតថាឥឡូវនេះយើងអាចចាប់ផ្តើមនិយាយអំពីរឿងផ្សេងទៀត ។
លោក Bessent កាលពីថ្ងៃចន្ទ បានគំរាមចាត់វិធានការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ្នកទិញប្រេងពីរុស្ស៊ីដោយចង្អុលទៅយុទ្ធសាស្រ្តដែលប្រទេសណាមួយទិញប្រេងរុស្ស៊ីដែលរងទណ្ឌកម្ម នឹងត្រូវទទួលរងការដំឡើងពន្ធបន្ទាប់បន្សំរហូតដល់ ១០០% ។
នេះបង្ហាញថាទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់ពន្ធធ្ងន់ទៅលើប្រទេសដែលខ្លួនរកឃើញថាកំពុងទិញការនាំចេញថាមពលរបស់រុស្ស៊ីបែបនេះ។
ជំហររបស់ចិន ជាអ្នកទិញប្រេងដ៏ធំពីអ៊ីរ៉ង់ បានជួយយ៉ាងច្រើនដល់ទីក្រុងតេអេរ៉ង់ ខណៈសេដ្ឋកិច្ចរបស់ខ្លួនខ្ទេចខ្ទាំដោយសារទណ្ឌកម្មអន្តរជាតិ៕

