កូរ៉េខាងជើង បានចេញការព្រមានដ៏កម្រពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ខេត្តមួយចំនួនជាប់ព្រំដែនប្រទេសចិន ក្នុងសប្តាហ៍នេះ ដោយបង្កើនក្ដីបារម្ភពីការខូចខាតដែលអាចកើតមានដល់តំបន់ដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយទឹកជំនន់រួចមកហើយកាលពីឆ្នាំមុន។ យោងតាមទីក្រុងសេអ៊ូលបានឱ្យដឹងថា ទំនប់វារីអគ្គិសនីកូរ៉េខាងជើង ក៏បានបញ្ចេញទឹកចូលក្នុងទន្លេដែលហូរចូលកូរ៉េខាងត្បូង ជាលើកដំបូងក្នុងឆ្នាំនេះ ដោយមិនផ្តល់ដំណឹងជាមុនទេ ទោះបីជាធ្លាប់សន្យាថានឹងជូនដំណឹងមុនពេលបង្ហូរទឹកក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា អាជ្ញាធរបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់តំបន់ភាគច្រើននៃខេត្ត Phyongan ខាងជើង និងខេត្ត Jagang ចាប់ពីថ្ងៃអាទិត្យចុងសប្ដាហ៍ រហូតដល់ថ្ងៃអង្គារ (២២ កក្កដា) នេះ ក៏ដូចជាតំបន់មួយចំនួននៃខេត្ត Ryanggang ។
ទូរទស្សន៍កណ្តាលកូរ៉េ (KCTV) បានចាក់ផ្សាយបន្ថែមកាលពីថ្ងៃចន្ទ (២១ កក្កដា) ថា តំបន់មួយចំនួន រួមទាំងសង្កាត់ Jasong ក្នុងខេត្ត Jagang ស្ថិតនៅក្រោម "ការជូនដំណឹង" កម្រិតកណ្តាល ដែលជាជំហានមួយបន្ថែមពីលើ "ការព្រមាន" កម្រិតទាប ដែលចេញរួចមកហើយសម្រាប់តំបន់ផ្សេងទៀត។
ការព្រមាននៅសប្តាហ៍នេះ កើតឡើងបន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងក្លាបានវាយប្រហារខេត្ត Phyongan ខេត្ត Jagang និង Ryanggang នៅជិតព្រំដែនប្រទេសចិន កាលពីខែកក្កដាឆ្នាំមុន ដោយបានបំផ្លាញផ្ទះសម្បែងប្រមាណ ៤.១០០ខ្នង ធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ហើយទំនងជាបណ្តាលឱ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើនផងដែរ៕

