លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវការងារកាត់ស្មៅ និងសម្អាតរុក្ខជាតិព្រៃនៅសងខាងផ្លូវជាតិលេខ៦២ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ (ត្រាក់ទ័រ) ទំនើប។ ការងារនេះបានចាប់ផ្ដើមពីគីឡូម៉ែត្រទី ៣៦+២០០ រហូតដល់គីឡូម៉ែត្រទី ២៣៧+៧៦០ ដែលមានប្រវែងសរុប ២០១.៥៦ គីឡូម៉ែត្រ។
លោក សំ លាងទ្រី បន្ថែមថា កំណាត់ផ្លូវជាតិលេខ៦២ លាតសន្ធឹងចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-កំពង់ធំ ក្នុងស្រុករវៀង រហូតដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត។ គោលបំណងចម្បង នៃការងារនេះ គឺធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ។
លោក សំ លាងទ្រី ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសុខសុវត្ថិភាពទាំងអស់គ្នា៕







