ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការទីក្រុង Boston កាលពីថ្ងៃចន្ទ ខណៈសាកលវិទ្យាល័យ Harvard បានជំរុញឱ្យចៅក្រមសហព័ន្ធបង្គាប់ឱ្យរដ្ឋបាល លោក Trump ស្តារឡើងវិញថវិកាដែលត្រូវបានលុបចោលប្រហែល២,៥ពាន់លានដុល្លារដល់ក្រុមសាលារៀន Ivy League ។

សាកលវិទ្យាល័យ Harvard បាននិយាយឲ្យដឹងថា គម្រោងស្រាវជ្រាវរាប់រយ រួមទាំងគម្រោងទាក់ទងនឹងការព្យាបាលជំងឺមហារីក ជំងឺឆ្លង និងជំងឺញ័រសសៃសាច់ដុំ នឹងស្ថិតក្នុងហានិភ័យ។
សវនាការរបស់តុលាការនៅចំពោះមុខចៅក្រមតំបន់សហរដ្ឋអាមេរិក Allison Burroughs មានរយៈពេលជាងពីរម៉ោង ប៉ុន្តែបានបញ្ចប់ទៅដោយគ្មានសេចក្តីសម្រេច។ មេធាវី របស់រដ្ឋបាល លោក Trump បានប្រាប់ចៅក្រមថា ជំនួយដែលត្រូវបានលុបចោលនេះបង្ហាញពីអាទិភាពរបស់រដ្ឋាភិបាល ដែលមិនឱ្យបញ្ជូនប្រាក់ទៅឲ្យស្ថាប័នអនុវត្តការប្រឆាំងជ្វីហ្វនិយម។

មេធាវីរបស់សាកលវិទ្យាល័យ Harvard បាននិយាយថា រដ្ឋាភិបាលបានកាត់ជំនួយក្នុងការស្រាវជ្រាវ ក្រោមរូបភាពនៃការប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងជ្វីហ្វនិយម ប៉ុន្តែពុំបានកំណត់អត្តសញ្ញាណទំនាក់ទំនងណាមួយរវាងភាគីទាំងពីរឡើយ។ សាកលវិទ្យាល័យ Harvard បានក្លាយជាចំណុចកណ្តាលនៃយុទ្ធនាការដ៏ទូលំទូលាយធ្វើឡើងដោយរដ្ឋបាលលោក Trump ដើម្បីធ្វើឲ្យប៉ះពាល់ដល់មូលនិធិសហព័ន្ធក្នុងការបង្ខំឱ្យមានការផ្លាស់ប្តូរនៅសាកលវិទ្យាល័យអាមេរិក ដែលTrump និយាយថាត្រូវបានគ្រប់គ្រងដោយមនោគម «ឆ្វេងនិយមជ្រុល» ។