សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់រួមទាំងកុមារ ៩នាក់បានស្លាប់បន្ទាប់ពីអគ្គិភ័យឆាបឆេះអគារអឹផាតមិននៅទីក្រុង New York សហរដ្ឋអាមេរិក។ យោងតាម Eric Adams អភិបាលក្រុង New York ឲ្យដឹងថា មនុស្ស ៣២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងនោះអ្នករងរបួសមួយចំនួនមានស្ថានភាពធ្ងន់ធ្ងរ។

ប្រធានអង្គភាពពន្លត់អគ្គិភ័យលោក Daniel Nigro បាននិយាយថា ពួកលោកបានរកឃើញជនរងគ្រោះនៅគ្រប់ជាន់ទាំងអស់នៃអគារកម្ពស់ ១៩ជាន់ ដោយនិយាយថា មានផ្សែងច្រើនខុសពីធម្មតា។ លោកថា ប្រជាពលរដ្ឋខ្លះមិនអាចគេចចេញពីអគ្គិភ័យបានដោយសារតែផ្សែងខ្លាំងពេក។ លោកបានប្រាប់សារព័ត៌មាន NBC News គេមិនធ្លាប់ឃើញចំនួនអ្នកស្លាប់ច្រើនបែបនេះទេនៅក្នុងទីក្រុង New York ក្នុងរយៈពេល ៣០ឆ្នាំមកនេះ។ ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះអគារអឹផាតមិនមួយនៅក្នុងទីក្រុង Philadelphia សម្លាប់មនុស្ស ១២នាក់រួមទាំងកុមារ ៨នាក់កាលពីសប្ដាហ៍មុន។ ក្រុមមន្ត្រីនិយាយថា អគ្គិភ័យកាលពីថ្ងៃអាទិត្យបានឆាបឆេះនៅក្នុងអគារអឹផាតមិនមួយដែលបានកើតឡើងនៅជាន់ទី២ និងទី៣ នៅអគារអឹផាតមិន Bronx នៅម៉ោងប្រហែល ១១:០០នាទី៕
អត្ថបទ៖ សុខមាន