ក្រសួងសុខាភិបាលដែនដីហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (២១ កក្កដា) ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៥៩.០២៩នាក់ ត្រូវបានសម្លាប់យ៉ាងឃោរឃៅនៅក្នុងសង្គ្រាមឥតឈប់ឈររបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបាននិយាយថា សាកសពជាង ១៣០នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ខណៈមនុស្សជាង ១.១០០នាក់ បានរងរបួស ដោយធ្វើឱ្យចំនួនអ្នករងរបួសសរុបកើនឡើងលើសពី ១៤២.១០០នាក់ នៅក្នុងការវាយលុកដែលកំពុងបន្តកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល។
ក្រសួងនេះសង្កត់ធ្ងន់ថា នៅមានជនរងគ្រោះជាច្រើននាក់ទៀតជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយសារក្រុមអ្នកជួយសង្គ្រោះមិនអាចទៅដល់បាន។ នៅថ្ងៃចន្ទដដែលនេះ អ៊ីស្រាអែលបើកការវាយឆ្មក់តាមអាកាស និងប្រតិបត្តិការជើងគោកនៅភាគកណ្ដាលហ្កាហ្សា ផ្តោតលើក្រុង Deir al-Balah ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ជាមួយនឹងការភ័យថាចំនួនអ្នកស្លាប់នឹងកាន់តែច្រើនលើសលប់។
សាក្សីបានពណ៌នាពីការវាយប្រហារតាមអាកាសដ៏ធំពេញមួយយប់នៅក្រុង Deir al-Balah ដែលជាតំបន់ចុងក្រោយមិនទាន់រងការខូចខាតពីសង្គ្រាម ហើយដែលប្រមូលផ្តុំទៅដោយជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីកន្លែងផ្សេងទៀតក្នុងទឹកដីហ្កាហ្សា៕

