សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC) កាលពីថ្ងៃចន្ទ (២១ កក្កដា) បានលើកឡើងអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយព្រមានថា ប្រជាជាតិនេះកំពុងស្ថិតក្នុងបន្ទុកនៃវិបត្តិគ្រប់បែបយ៉ាង និងការកើនឡើងយ៉ាងគំហុកនៃលំហូរជនភៀសខ្លួនដែលត្រឡប់មកពីប្រទេសជិតខាង។

អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កាកបាទក្រហមអន្តរជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ពលរដ្ឋ ដែលកំពុងរស់នៅក្នុង និងត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនជាន់គ្នារួចទៅហើយ"។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ UNHCR បានឱ្យដឹងថា មនុស្សជាង ២,៦លាននាក់ បានវិលត្រឡប់មកពីប៉ាគីស្ថាន និងអ៊ីរ៉ង់ ទៅកាន់អាហ្វហ្គានីស្ថាន ដោយមនុស្សជាច្រើនបានទៅដល់ដោយពុំមានទ្រព្យជាប់ខ្លួន ឬមធ្យោបាយអ្វីសោះដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ។
កាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម IFRC បានសង្កត់ធ្ងន់ថា បន្ថែមពីលើទុក្ខលំបាកជុំទិសរួចទៅហើយ ប្រតិបត្តិការមនុស្សធម៌នៅប្រទេសដែលរួមរឹតដោយវិបត្តិមួយនេះ ក៏កំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំងថែមទៀតផងដែរ ដោយសារកង្វះថវិកាជំនួយ៕

