កាសែត Times of Israel បានរាយការណ៍ថា អ៊ីស្រាអែល ច្រានចោលសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយប្រទេសលោកខាងលិចចំនួន២៥ប្រទេសអំពាវនាវឱ្យមាន «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍» នៅក្នុងតំបន់ហ្កាហ្សា និងបានថ្កោលទោសការដោះស្រាយរបស់អ៊ីស្រាអែលចំពោះស្ថានភាពមនុស្សធម៌នៅក្នុងដែនដីនេះ។

ក្រសួងនិយាយថាយោងតាមការរាយការណ៍ សេចក្តីថ្លែងការណ៍នេះ«ត្រូវបានផ្តាច់ចេញពីការពិត និងផ្ញើសារខុសទៅកាន់ក្រុមហាម៉ាស» ដោយបញ្ជាក់ថា សេចក្តីថ្លែងការណ៍និងការការអះអាងទាំងអស់នេះគួរតែត្រូវបានណែនាំទៅកាន់ភាគីតែមួយគត់ដែលទទួលខុសត្រូវចំពោះកង្វះកិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ គឺក្រុមហាម៉ាសដែលបានចាប់ផ្តើមសង្រ្គាម ហើយកំពុងអូសបន្លាយពេលសង្គ្រាម។

សារព័ត៌មាន AFP រាយការណ៍ថា ប្រទេសលោកខាងលិចជាង២០ប្រទេស បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សាជាបន្ទាន់ ដោយនិយាយថា ទុក្ខលំបាកនៅទីនោះបានឈានដល់ជម្រៅថ្មី ខណៈយោធាអ៊ីស្រាអែល បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ទីក្រុង Deir el-Balah ភាគកណ្តាល។
បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល២១ខែ ដែលបានបង្កឱ្យមានស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ សម្រាប់ប្រជាជនជាងពីរលាននាក់នៅតំបន់ហ្កាហ្សា ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា និងប្រទេសចំនួន២១ផ្សេងទៀត បូករួមទាំងសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សង្រ្គាម «ត្រូវតែបញ្ចប់ឥឡូវនេះ»។