សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការផ្តល់ជំនួយយោធា រួមមានទាំងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ដល់អ៊ុយក្រែនផងដែរ។ ប្រទេសដែលគាំទ្រអ៊ុយក្រែន បានបើកកិច្ចប្រជុំតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទ។ ក្នុងចំណោមអ្នកចូលរួមក៏មានរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ដែលពុំបានទៅចូលរួមក្នុងការជួបប្រជុំរបស់ក្រុមនេះ កាលពីខែមិថុនា។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ប្រទេសរបស់លោកត្រូវការបន្ទាន់ការទទួលបានសព្វាវុធរបស់សហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធការពារដែនអាកាស ដូចជាប្រព័ន្ធ ប៉ាទ្រីយ៉ូត(Patriot) និងមីស៊ីលស្ទាក់ចាប់ ព្រមទាំងគ្រាប់រំសេវផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោក និងលោក Hegseth បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនថា «ប្រទេសអាល្លឺម៉ង់នឹងរួមចំណែកក្នុងការផ្តល់ប្រព័ន្ធមីស៊ីល Patriot ចំនួនប្រាំគ្រឿងដែលត្រូវការបន្ទាន់ ផ្តល់ឱ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន»។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទទូចថា អឺរ៉ុបមានតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុង Kyiv។ ប៉ុន្តែបានខកចិត្តចំពោះការបដិសេធរបស់រុស្ស៊ីក្នុងការព្រមព្រៀងលើបទឈប់បាញ់ ខណៈរដ្ឋបាលរបស់លោក Trump បានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដា ថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល Patriot បន្ថែមទៀតទៅកាន់អ៊ុយក្រែន ដោយប្រទេសជាសមាជិកណាតូជាអ្នករ៉ាប់រងការចំណាយ។