ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) កាលពីថ្ងៃចន្ទ បានការពារការសម្រេចរបស់រដ្ឋាភិបាលលោកស្រីក្នុងការប្តូរទីតាំងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសពីអាកាសយានដ្ឋានអន្តរជាតិ Mexico City ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Felipe Angeles ដោយបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ចំណាត់ការនេះបានរំលោភលើកិច្ចព្រមព្រៀងអាកាសចរណ៍ទ្វេភាគី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បាននិយាយថាការសម្រេចនេះ គឺផ្អែកលើការពិចារណាផ្នែកបច្ចេកទេសនិងសុវត្ថិភាព ក្នុងគោលបំណងកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Mexico City។

លោកស្រី បាននិយាយបន្តថា«គ្មានហេតុផលសម្រាប់ការដាក់ទណ្ឌកម្មទេ» ហើយអាកាសយានដ្ឋានអន្តរជាតិ Felipe Angeles កំពុងដំណើរការល្អ និងដោះស្រាយទំនិញយ៉ាងមានប្រសិទ្ធភាព។ «យើងកំពុងពង្រឹងផ្នែកគយនិងសារពើពន្ធ ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែប្រសើរឡើង»។
ការអត្ថាធិប្បាយរបស់លោកស្រីធ្វើឡើងបន្ទាប់ពីការព្រមានរបស់រដ្ឋបាល លោក Trump កាលពីចុងសប្តាហ៍ ដែលបានចោទប្រកាន់ថា ប្រទេសម៉ិកស៊ិកបានបង្ខំជាឯកតោភាគីឲ្យយន្តហោះដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកផ្លាស់ប្តូរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Felipe Angeles ជាការរំលោភលើកិច្ចព្រមព្រៀងអាកាសចរណ៍ទ្វេភាគីឆ្នាំ២០២២ ដែលតាមសេចក្តីរាយការណ៍ថាបានបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនដល់ក្រុមហ៊ុនអាមេរិក។ ក្នុងការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោន កំពុងថ្លឹងថ្លែងលើវិធានការសងសឹក រួមទាំងការបដិសេធសំណើជើងហោះហើរថ្មីពីក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ិក ដោយទាមទារការអនុម័តជាមុនសម្រាប់កាលវិភាគជើងហោះហើរ និងការដកអភ័យឯកសិទ្ធិប្រឆាំងសេចក្តីទុកចិត្តសម្រាប់សម្ព័ន្ធភាពក្រុមហ៊ុនអាកាសចរណ៍ Delta-Aeromexico ។